អតីតតារាចម្រៀងផលិតកម្ម M កញ្ញាស៊ឹម ថៃណា ដែលបាត់មុខពីឆាកតន្រ្ដីជាយូរឆ្នាំមកហើយនោះ បានលេចមុខក្នុងកម្មវិធីសម្ពោធហាងពេជ្រមួយ នៅម្ដុំស្ដុបផ្សារសំណង់១២ កាលពីពេលថ្មីៗនេះ ជាមួយរូបសម្រស់ទ្រលុកទ្រលន់ និងមានព្រលឹងជាងមុន ទើបត្រូវមិត្តរួមអាជីពលាន់មាត់ថា ថៃណា “បែកសាច់”។

អ្នកចម្រៀងស្រអែមស្រស់រូបនេះ ថែមទាំងចាប់ដៃជាមួយអ្នកនាងឆ័យលី ដាឡែន ឡើងច្រៀងលើឆាកតន្រ្ដី ធ្វើឲ្យភ្ញៀវជាច្រើនចាប់អារម្មណ៍ ព្រោះទោះជារូបរាងរបស់ថៃណា មានការប្រែប្រួលមែន ប៉ុន្ដែទឹកដមសំឡេងមិនខុសពីមុនឡើយ ពិសេសថែមទៀតនោះ គឺសម្រស់ដើមទ្រូងតែម្ដង កាន់តែទ្រលុកទ្រលន់ និងរីកធំជាងមុនទៅទៀត។

ស៊ឹម ថៃណា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនមានគម្រោងចូលច្រៀងនៅផលិតកម្មថ្មីណាទៀតទេ តែនាងផលិតបទចម្រៀងដោយខ្លួនឯងចេញនៅលើយូធូប។ ដោយឡែក ទាក់ទងកាលបរិច្ឆេទការឡើងឆាកតន្រ្ដីកាន់ក្បាលមីក្រូជាថ្មីនោះ នាងថាមិនអាចកំណត់ថាពេលណាបានឡើយ។

ស៊ឹម ថៃណា ធ្លាប់ប៉ះស្នេហ៍ដ៏រសើបជាមួយថៅកែស្រីផលិតកម្មមួយ ទើបធ្វើឲ្យគេសង្ស័យថា នាងជាតារាស្រលាញ់ភេទដូចគ្នា។ ប៉ុន្ដែថៃណា មិនដែលលាតត្រដាងរឿងស្នេហានេះទេ ហើយរហូតមកដល់ពេលនេះនាងក៏មិនទាន់បង្ហាញមុខគូស្នេហ៍ជាសាធារណៈដែរ ហេតុនេះហើយគេនៅតែមិនច្បាស់ថា តើនាងនឹងជ្រើសរើសគូស្នេហ៍ជាស្រីឬប្រុស?

ក្រៅពីស៊ឹម ថៃណា តារាដែលធ្លាប់ត្រូវបានគេសង្ស័យថា ស្នេហាភេទដូចគ្នា មានដូចជា អ្នកនាងឌុច សុភា , ឌុច លីដា , កញ្ញាមាស សម្ផស្ស ,តេង លក្ខិណា ,ជីជី និងបេប៊ី ជាដើម។

គេជឿថា ថៃណា នឹងអាចបន្សាបដំណឹងស្នេហ៍បញ្រ្ចាសធម្មជាតិនេះបានជាមិនខាន នៅពេលដែលនាងព្រមលាតត្រដាង និងហ៊ានបណ្ដើរគូស្នេហ៍ជាចំហដូចអ្នករួមអាជីព៕