ភ្នំពេញ ៖ តារាចម្រៀងសេន យូរី ហៅយូរី បានចេញបទចម្រៀងថ្មីរបស់ខ្លួនជាផ្លូវការកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ គឺបទ “Big Boy”។ យូរី មានការតុបតែងខ្លួនប្លែកជាងមុនថតសម្ដែងបង្ហាញសកម្មភាពយ៉ាងរស់រវើកជាមួយតារាសម្ដែងប្រុសសង្ហាវ័យក្មេងម្នាក់ ដែល Full MV នោះ មិនចាញ់បទចម្រៀងល្បីៗរបស់តារាប្រទេសជិតខាងឡើយ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៏នោះ គឺគ្រប់គ្នាកំពុងតែឆ្ងល់ថា តើស្រីស្អាតយូរី ពិតជាដើរចេញពីផលិតកម្មសាន់ដេ មែនឬយ៉ាងណា បានជាពេលនេះបទថ្មីរបស់នាងបែរជាចេញនៅក្រៅផលិតកម្មនេះទៅវិញ?

អ្នកយកព័ត៌មានយើងបានទាក់ទងទៅយូរី ដើម្បីសុំឲ្យនាងបំភ្លឺរឿងគេសង្ស័យនាងចាកចេញពីសាន់ដេ ជាផ្លូវការហើយ ទើបរកបានទ្រនំថ្មីនេះ តែត្រូវបានជំនួយការនាងលើកជំនួសហើយថា យូរី ទើបផុតកុងត្រា ជាមួយសាន់ដេ នៅខែសីហា នេះទេ។

ជំនួយការរូបនោះថា យូរី និងសាន់ដេ មិនទាន់ពិភាក្សាគ្នារឿងតកុងត្រាថ្មីទេ ហើយពេលនេះនាងចេញបទចម្រៀងនៅខាងក្រៅផលិតកម្មសិន។ ប៉ុន្ដែយូរី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងច្រៀងនៅសាន់ដេ ជាង៥ឆ្នាំកន្លងមក នាងមានក្ដីសុខបំផុតព្រោះថៅកែមានការយកចិត្តទុកដាក់និងស្រលាញ់ហើយផ្ដល់ឱកាសឲ្យកូនចៅស្មើៗគ្នា ហេតុនេះហើយនាងមិនទាន់ចង់ទៅផលិតកម្មណាផ្សេងទេ ទោះជាមានគេទាក់ទងក្ដី។

យូរី ស្ថិតក្នុងលំដាប់ជាតារាច្រៀងផ្នែកយុវវ័យជួរមុខនាពេលបច្ចុប្បន្ន ព្រោះក្រៅពីមានរូបសម្រស់ស្អាត និងពូកែតុបតែងខ្លួនបែប Cute Cute នោះ ក្បាច់រាំរបស់នាងមានភាពទាក់ទាញ និងរស់រវើកគ្រប់ពេល ពិសេសបទ “Big Boy” ដែលទើបចេញក្ដៅៗនេះ៕

