គូស្នេហ៍១គូ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់តាមដងផ្លូវ ហើយត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ យកមកសួរនាំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី មិនចាំថ្ងៃទី ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលេខ២១ភូមិព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យជាសង្សារនឹងគ្នា ខាងប្រុសមានឈ្មោះផាន់ ឧត្តម ហៅ ស្វិត ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល (រត់គេចខ្លួន)។ ខាងស្រីមានឈ្មោះ ជួន ចន្ទ័បូរមី ភេទស្រី ជនជាតិខ្មែរ អាយុ១៨ឆ្នាំ នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភេទស្រី អាយុ២០ឆ្នាំ។
វត្ថុតាងសមត្ថកិច្ចដកហូតបាន រួមមាន ៖ ម៉ូតូ១គ្រឿងម៉ាក Honda scoopy ពណ៌សលាយផ្កាឈូក ស៊េរី២០១១ ស្លាកលេខភ្នំពេញ1BD-5595 គ្មានស្តុបក្រោយ (របស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកធូដេ តែម្នាក់ឯង ធ្វើដំណើរមកដល់ម្តុំផ្សារកាច់ជ្រុង ស្រាប់តែមានជនសង្ស័យជាគូស្នេហ៍ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាក scoopy ពណ៌សលាយផ្កាឈូក ស្លាកលេខភ្នំពេញ 1BD-5595 តាមពីក្រោយ ដោយជនសង្ស័យឈ្មោះផាន់ ឧត្តម ហៅស្វិត ជាអ្នកបើកម៉ូតូ រីឯនរីជាសង្សារ ឈ្មោះជួន ចន្ទ័បូរមី ហៅយ៉ែន ជាអ្នកអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ម៉ាក iphone 6 plus បានសម្រេច។
សមត្ថកិច្ចបានបន្តថា ភ្លាមនោះ ជនរងគ្រោះបានបើកម៉ូតូដេញតាម រួចបានបើកបុកម៉ូតូជនសង្ស័យពីក្រោយ បណ្តាលឲ្យដួលបែកស្តុប ហើយដណ្តើមយកទូរស័ព្ទបានមកវិញ ហើយជនសង្ស័យទាំង២នាក់ បាននាំគ្នាលើកម៉ូតូជិះគេចខ្លួនបាត់ទៅ។ ដោយមិនចង់វែងឆ្ងាយ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍សមត្ថកិច្ចនោះទេ។
សមត្ថកិច្ចបន្ថែមថា លុះមកដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍តាក្តុល សហការ ជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការនគរបាលក្រុង ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យឈ្មោះជួន ចន្ទ័បូរមី បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្ត តាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួន និងសង្សារ ឈ្មោះផាន់ ឧត្តម ហៅស្វិត ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើប្រាកដមែន ដោយរូបនាងជាអ្នកឆក់ ហើយបុរសសង្សារជាអ្នកបើកម៉ូតូ។ ហើយរូបនាងបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជិត៥ខែមកហើយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលការ បន្តនីតិវិធីតាមច្បាប់។ ចំណែកជនសង្ស័យដែលកំពុងរត់គេច ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន៕