Tuesday, September 23, 2025
Homeតារាខ្មែរស្រីអូន លេចមុខ TVC ប៉ះនាយគ្រឿន

ស្រីអូន លេចមុខ TVC ប៉ះនាយគ្រឿន

តារាហ្វេសប៊ុកលេចធ្លោលើវិស័យអនឡាញ អ្នកនាងស្រីអូន បានតស៊ូសម្រេចបំណងថតភាពយន្តខ្នាតខ្លីជាផ្លូវការ។ វីដេអូដែលឃើញចេញផ្សាយនោះមានការទាក់ទាញខ្លាំងធ្វើឲ្យអ្នកទស្សនាតាមដានដោយជក់ចិត្ត។

អ្នកនាងនួន ស៊ុន្ទរី ហៅស្រីអូន បានហក់ចូលវិស័យមួយថ្មីមួយទៀត ជាមួយនឹងការបើកផលិតកម្ម ដែលជាមានឈ្មោះថា ផលិតកម្មរាម (Ream Production) ក្រោមការវិនិយោគលុយដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅជាង700000ដុល្លារអាមេរិក ក្រោយពីមានការគាំទ្រពីអតិថិជនគ្រប់ទិសទីលើផលិតអាហារបំប៉នសុខភាពយីហោ ឃូស៊ី (Coosea)។

ខណៈពេលដែលរឿងកុនខ្នាតធំដែលទស្សនិកជនស្គាល់ថា ជារឿងដែលមានចំណងជើងថា “កម្ម”ទើបតែបញ្ចប់ការថត និងកំពុងកាត់ត ហើយបញ្ចូលសំឡេងស្តង់ដារហូលលីវូដនោះ កាលពីពេលថ្មីៗនេះ អ្នកនាងនួន ស៊ុន្ទរី ហៅស្រីអូន បានបញ្ចេញនូវវីដេអូ TVC (ស្ពតពាណិជ្ជកម្ម) ប្រភេទខ្នាតខ្លី ដែលថតដោយផលិតកម្មរាម ដោយប្រើប្រាស់កាមេរ៉ាហូលីវូដ ARRI ជាមួយនឹងតួសម្តែងជាង៣០នាក់ ដែលរូបអ្នកនាងផ្ទាល់ នាយគ្រឿន រួមនឹងតួសម្តែងជាច្រើនរូបទៀត ទាំងចាស់ទាំងក្មេង បានចូលរួមសម្តែងយ៉ាងយកចិត្តទុកដាក់បំផុត ដែលធ្វើឲ្យទស្សនិកជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងច្រើនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំងទៅលើសាច់រឿង និងគុណភាពវីដេអូកំរិតច្បាស់ 4K ដែលមិនចាញ់បរទេសឡើយ។

វីដេអូ TVC នោះមានរយៈពេល១១នាទី ដែលសម្តែងជាសាច់រឿងសម័យបុរាណខ្មែរ និងបានថតប្លង់នីមួយៗយ៉ាងលំអិតគ្រប់វិនាទីជាមួយនឹងបច្ចេកទេសបញ្ចូលសំឡេងស្តង់ដារ ធ្វើអ្នកទស្សនាត្រជាក់ភ្នែក និងលាន់មាត់សរសើរគ្រប់ៗគ្នា។

លើសពីនេះទៅទៀតនោះ គេក៏សង្កេតឃើញថា មានអ្នកទស្សនាច្រើនជាង៣លានដង ត្រឹមតែរយៈពេល៣ថ្ងៃ ហើយគេបានលាន់មាត់សរសើរពីសាច់រឿង និងកម្រិតភាពច្បាស់នៃវីដេអូ ប្រៀបដូចជាប្រភេទរឿងខ្នាតធំដែរ។

អ្នកនាងស្រីអូន និយាយថា ផលិតកម្មរាម បង្កើតឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ឲ្យកាន់តែប្រសើរ។ អ្នកនាងបន្ថែមថា ការងារនេះទាមទារឲ្យក្រុមការងារធ្វើដោយប្រើបេះដូង និងមានទស្សនៈវិស័យវែងឆ្ងាយ ទើបទទួលបានលទ្ធផលល្អ។

អ្នកនាងក៏បានបញ្ជាក់ថា ផលិតកម្មរាម បង្កើតឡើងមិនផ្តោតទៅលើប្រាក់ចំណេញនោះទេ។

គួររំលឹកផងដែរថា សាច់រឿងខាងលើអ្នកនាងស្រីអូន បញ្ជាក់ ថាគឺជាការនិពន្ធដោយផ្ទាល់ដោយអ្នកនាង និងក្រុមការងារផលិតកម្មរាម តែម្តង៕

RELATED ARTICLES