ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារចំនួន៥ដងរួចមកហើយ ពាក់ព័ន្ធនឹងករណីអំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា លុះទើបនឹងចេញមកវិញមិនចេះកែខ្លួនដើរទៅផឹកស្រាស្រវឹង ស្រាប់តែរមាស់ដៃសាជាថ្មី ទាញដុំថ្មគប់ផ្ទះរបស់អ្នកជិតខាង បណ្តាលឱ្យរងការខូចខាត ទីបំផុត ក៏ត្រូវម្ចាស់ផ្ទះគេប្តឹងឱ្យសមត្ថកិច្ចចាប់វាយខ្នោះញាត់គុកវិញជាលើកទី៦។

ករណីធ្វើឱ្យខូចខាតដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ជនរងគ្រោះ មានឈ្មោះហុកគ្រី សុខលាង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសយ ចាន់សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុ។ វត្ថុតាងចាប់យកបំណែកដុំឥដ្ឋប្រហោងចំនួន២ដុំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានផឹកស្រាស្រវឹងជោកជាំ រួចក៏យកដុំថ្មនិងដុំឥដ្ឋប្រហោងគប់ជញ្ជាំងផ្ទះ និងរបងរបស់ជនរងគ្រោះបណ្តាលឱ្យរងការខូចខាត ដោយមិនដឹងមូលហេតុ។ បន្ទាប់មកជនរងគ្រោះជាម្ចាស់ផ្ទះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងប៉ុស្តិ៍ដើមមៀន បានចុះដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារ៥ដងរួចមកហើយ ពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា លុះទើបចេញពីពន្ធនាគារវិញថ្មីៗ មិនព្រមកែរខ្លួន បែរជាធ្វើសកម្មភាពគប់ជញ្ជាំងផ្ទះនិងរបងផ្ទះគេទៀត ទើបត្រូវសមត្ថកិច្ចចាប់ញាត់ចូលគុកវិញ៕