ស្វាយរៀង៖ ស្លាដក់ដែលអាជីវករមួយចំនួនដាក់តាំលក់នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្វាយរៀង បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យគ្រឿងឧបភោគបរិភោគចំនួន៤៦គំរូ តែរកពុំឃើញសារធាតុគីមីនោះទេ ប៉ុន្តែរកឃើញរបស់របរមួយចំនួនខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។
ក្នុប្រតិបត្តិការណ៍ចុះពិនិត្យនេះ បានធ្វើឡើងកាលពីនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

បើតាមលោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពីបានកំណត់មុខសញ្ញា និងពិនិត្យទំនិញជាបឋមនៅមន្ទីរពិសោធន៍ (ក ប ប) ខេត្ត សម្រាប់ទំនិញនៅផ្សារវាលយន្តសរុបប្រមាណ៤៦គំរូ មិនមានសារធាតុគីមីនោះទេ ប៉ុន្តែបានរកឃើញរបស់របរខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងស្លាដក់នោះ មានដូចជា ថ្នាំដុសធ្មេញ ប្រេងកូឡា តែកញ្ចប់ ថ្នាំពេទ្យ ទឹកដោះគោ និងទឹកសុទ្ធ ជាដើម។

លោកបានបញ្ជាក់ថា របស់របរដែលខូចគុណភាព ហើយហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានមន្ត្រីជំនាញបានកំណត់ និងដកហូតយកទៅកម្ទេចចោល និងឲ្យអាជីវករធ្វើកិច្ចសន្យា។ ចំពោះមុខទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះ បើយកទៅបរិភោគអាចនឹងធ្វើឱ្យរាគរួស ក្អួតចង្អោរ ខូចក្រលៀន ក្រពះ និងឧស្សាហ៍ វិលមុខ បណ្ដាលឲ្យចុះអន់ថយនូវកម្លាំង។

លោកប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្វាយរៀង ក៏បានធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអ្នកលក់ ទាំងអ្នកទិញ មុននឹងទិញរបស់អ្វីមួយ សូមពិនិត្យទៅលើកាលបរិច្ឆេទប្រើប្រាស់ឲ្យបានច្បាស់លាស់។

ជាចុងក្រោយ លោក ផឹង និមល បានអំពាវនាវដល់ប្រជាពលរដ្ឋ មុនទិញទំនិញយកទៅបរិភោគ និងទិញគ្រឿងស្លាដក់យកទៅប្រគេនព្រះសង្ឃ សូមពិនិត្យមើលទំនិញទាំងនេះផង ដោយសារចូលរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌហើយ៕