ភ្នំពេញ ៖ យុវជនម្នាក់ទើបនឹងចេញពីលក់ដូរនៅផ្សារវិញ ក៏ជិះម៉ូតូទៅផ្ទះវិញទាំងយប់តែម្នាក់ឯង ស្រាប់តែទៅដល់មុខផ្ទះ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមកអែបក្បែរ រួចដកកាំភ្លើងភ្ជង់ប្លន់យកទាំងម៉ូតូ និងកាបូបលុយដែលមានលុយក្នុងនោះប្រមាណជាង២ពាន់ដុល្លារ គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

ករណីភ្ជង់ប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្បែររបងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (កសិកម្មចំការដូង) តាមបណ្តោយផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

យុវជនរងគ្រោះមានឈ្មោះរឹម រ៉ាឌី អាយុ ១៨ឆ្នាំ មុខរបរលក់ដូរនៅផ្សារប៉េសេ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះអត់លេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HZ-8790 រួមនឹងប្រាក់ចំនួន២៥០០ដុល្លារ។

តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ តែម្នាក់ឯងចេញពីផ្សារប៉េសេ ដែលជាកន្លែងលក់ដូររបស់គាត់ដូចសព្វដង។ ខណៈរូបគាត់ជិះម៉ូតូមកដល់ខាងមុខផ្ទះទៅហើយ (ចំណុចកើតហេតុ) ស្រាប់តែលេចមុខក្រុមជនសង្ស័យ មានគ្នាចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខ បានមកឈប់ជិតម៉ូតូរបស់គាត់ រួចហើយជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់នោះ បានដើរមកជិតរូបគាត់ និងបាននិយាយមកកាន់រូបគាត់ថា “ពួកខ្ញុំសុំធ្វើការឆែកឆេរបន្តិច”។

ភ្លាមៗនោះដែរ ជនសង្ស័យខាងលើក៏បានដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាកមកអាម៉េ និងភ្ជង់ប្លន់យកម៉ូតូរបស់គាត់ រួមទាំងកាបូបស្ពាយដែលរូបគាត់ស្ពាយជាប់នឹងខ្លួន។ ដោយសាររូបគាត់ភ័យខ្លាចជនសង្ស័យបាញ់ ក៏ព្រមប្រគល់កាបូបនិងម៉ូតូឱ្យទៅក្រុមជនសង្ស័យ រួចហើយជនសង្ស័យក៏បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលទៅ ដោយបន្សល់ទុកគ្រាប់កាំភ្លើង១គ្រាប់ ជ្រុះនៅកន្លែងកើតហេតុ។

ជនរងគ្រោះបានបន្តថា នៅក្នុងកាបូបស្ពាយដែលជនសង្ស័យប្លន់យកទៅ រួមជាមួយម៉ូតូនោះ គឺមានទូរស័ព្ទដៃម៉ាក OPPO ១គ្រឿង ម៉ាក iPhone7plus ១គ្រឿង និងលុយចំនួន២៥០០ដុល្លារ រួមទាំងសម្ភារមួយចំនួនទៀត ដែលសរុបទឹកប្រាក់ជាង៥០០០ដុល្លារ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកប្រមូលវត្ថុតាង ដែលជនសង្ស័យបន្សល់ទុក និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បី ងាយស្រួលកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ តាមស្វែងរកមុខជនសង្ស័យ ចាប់យកមកផ្តន្ទាទោសតាមច្បាប់៕
