ខេត្តបាត់ដំបង ៖ ផ្សារធំបាត់ដំបង ឬហៅថា ផ្សារណាត់បាត់ដំបង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងត្រូវបានសមត្ថកិច្ចជំនាញប្រើពេលពន្លត់អស់ជាង២ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ យ៉ាងណា តូបលក់ដូររបស់អាជីវករប្រមាណជា៥០តូប ពោលគឺមួយចំហៀងនៃផ្សារណាត់នេះត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ព្រលប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចចំហៀងផ្នែក ខាងជើង ផ្សារ ណាត់បាត់ដំបង មានទីតាំងស្ថិតក្នុងក្រុមទី ២០ ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលបានដឹកនាំប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះផ្សារធំបាត់ដំបង ហៅផ្សារណាត់ ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា អគ្គិភ័យខាងលើត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុង នៅវេលាម៉ោងជាង៨យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ខណៈដែលអគ្គិភ័យបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនៅវេលាម៉ោងប្រមាណ៦ព្រលប់។

ក្រោយការឆាបឆេះ គេឃើញលោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះដឹកនាំ កម្លាំងប្រតិបត្តិការផ្ទាល់ ដើម្បីអន្តរាគមន៍ពន្លត់អគ្គិភ័យមួយនេះ។ ក្រោយប្រតិបត្តិការញាប់ដៃញាប់ជើងរយៈពេលជាង២ម៉ោង ទើបអគ្គិភ័យត្រូវបានពន្លត់ទៅវិញទាំងស្រុង។

លោកងួន រតនៈ បានឱ្យដឹងថា អគ្គិភ័យផ្តើមចេញពីទុស្សេចរន្តអគ្គិសនីនៅតាមតូបលក់ដូរក្នុងផ្សារ និងបង្កឱ្យមានការឆាបឆេះបំផ្លាញតូបលក់ដូររបស់អាជីវករប្រមាណជាង៥០តូប។ យ៉ាងណា អាជ្ញាធរមិនទាន់អាចបូកសរុបទំហំនៃការខូចខាត បណ្តាលមកពីអគ្គិភ័យនេះនៅឡើយ ខណៈដែលប្រតិបត្តិការពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកអស់ប្រមាណជា៣០រថយន្ត។
ក្រោយបញ្ចប់ប្រតិបត្តិការ និងគ្រប់គ្រងស្ថានភាពអគ្គិភ័យបានទាំងស្រុងហើយ សមត្ថកិច្ចពាក់ព័ន្ធមិនទាន់ដកថយពីកន្លែងកើតហេតុនៅឡើយទេ ដើម្បីបន្តរក្សាសន្តិសុខ ក៏ដូចជាទ្រព្យសម្បត្តិសេសសល់នៅក្នុងផ្សារកុំឱ្យបាត់បង់។

តាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣៥នាទី នៅត្រង់ចំណុចក្នុងបរិវេណផ្សារធំបាត់ដំបង (ផ្សារណាត់) ចំហៀងខាងលិច ក្រុមទី២០ ភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះតូបលក់ចាប់ហួយនៅក្នុងផ្សារចំហៀងខាងជើង អស់ចំនួន៣៣តូប (ឆេះទាំងស្រុង) ។

សមត្ថកិច្ចបានបន្តថា មូលហេតុដែលនាំឲ្យឆេះផ្សារនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ យ៉ាងណា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន៧ គ្រឿង , រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋានខេត្ត ចំនួន៣គ្រឿង , រថយន្តពន្លត់អគ្គីភ័យស្រុកថ្មគោល ចំនួន១គ្រឿង , រថយន្តពន្លត់អគ្គីភ័យស្រុកសង្កែ ចំនួន១គ្រឿង , រថយន្តពន្លត់អគ្គីភ័យស្រុកបាណន់ ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យស្រុកឯកភ្នំ ចំនួន១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន២៩ឡាន ។ ប្រតិបត្តិការខាងលើនេះបានបញ្ចប់ត្រឹមវេលាម៉ោង២២:១៥នាទីយប់ថ្អៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មានកម្លាំងអាជ្ញាធរ រួមទាំងសមត្ថកិច្ចបានធ្វើការព័ទ្ធទីតាំងផ្សារធំបាត់ដំបង ដែលត្រូវភ្លើងឆេះដើម្បីត្រួតពិនិត្យបន្ត ក្រោយពីភ្លើងបានរលត់ទៅវិញ ដោយមិនទាន់អនុញ្ញាតឱ្យនរណាម្នាក់ចូលទៅខាងក្នុងនោះទេ សូម្បីតែម្ចាស់តូប។ ចំណែកទំហំនៃការខូចខាតវិញ គឺនៅមិនទាន់ដឹង ច្បាស់នៅឡើយ។

គួរបញ្ជាក់ថា ផ្សារធំខេត្តបាត់ដំបង គឺជាផ្សារដ៏ចំណាស់មួយនៅក្នុងក្រុងបាត់ដំបង ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង៕