Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងសឿ សុធារ៉ា វិលវិញ លោកអែន ឌី ស្រក់ទឹកភ្នែកជោគថ្ពាល់

អ្នកនាងសឿ សុធារ៉ា វិលវិញ លោកអែន ឌី ស្រក់ទឹកភ្នែកជោគថ្ពាល់

តារាសម្ដែងកូន២ អ្នកនាងសឿ សុធារ៉ា ដែលបាត់មុខពីអាជីពចាស់ជិត១០ឆ្នាំទៅហើយនោះ ស្រាប់តែពេលនេះបានសម្រេចចិត្តវិលមករកអាជីពចាស់វិញ ដោយថតសម្ដែង​MV បទចម្រៀងរបស់លោកអែន ឌី ហើយនៅពេលដែលអ្នកទាំង២ ដាក់អារម្មណ៍ខ្លាំងពេកទៅលើសាច់រឿងនោះ​ធ្វើឲ្យអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកអែន ឌី ហូរទឹកភ្នែកឡើងជោគថ្ពាល់តែម្ដង។

ទោះជាយ៉ាងណា លោកអែន ឌី មិនទាន់បញ្ជាក់ប្រាប់ឲ្យអស់ថា តើសឿ សុធារ៉ា បានថតសម្ដែងបទចម្រៀងឲ្យលោកប៉ុន្មានបទនោះទេ ប៉ុន្ដែលោកថា សុធារ៉ា ពិតជាវិលវិញមែន ហើយឆាប់ៗនេះ គេនឹងបានឃើញស្នាដៃថ្មីរបស់នាង ក្នុង MV ជាមួយលោកហើយ។

តាមរយៈការចាប់ផ្ដើមសារជាថ្មីនូវអាជីពចាស់ ដែលបានផ្អាកជិត១ទសវត្សមកហើយនោះ គេឃើញសឿ សុធារ៉ា នៅតែមានរូបសម្រស់ និងសាច់សខ្ចីដដែល ទោះជាពេលនេះនាងមានវ័យចំណាស់បន្ដិចក្ដី។

តាមព័ត៌មានថា ក្រៅពីថត MV បទចម្រៀងរបស់លោកអែន ឌី នោះ សុធារ៉ា ក៏កំពុងថតភាពយន្ដថ្មីឲ្យផលិតកម្មរស្មីហង្សមាស ដែរ ដោយស្វាមីរបស់នាង លោកសាពូន មីដាដា មិនរារាំងការដែលភរិយាលោកនៅមិនដាច់អាល័យពីការថតសម្ដែងនេះឡើយ។

លោកអែន ឌី មិនហ៊ាននិយាយរំពឹងទុកជាមុនថា បទចម្រៀងដែលលោកបានថតសម្ដែង MV ជាមួយសឿ សុធារ៉ា នោះថា នឹងមានការគាំទ្រកម្រិតណានោះទេ ដោយគ្រាន់តែលោកអះអាងថា ទស្សនិកជននឹងប្លែកភ្នែកជាមិនខាន ព្រោះសុធារ៉ា បាត់មុខយូរឆ្នាំហើយ ប៉ុន្តែពេលនេះនាងបានវិលមកថតសម្ដែងដូចដើមវិញហើយ។

ចំពោះរឿងលោកបង្ហូរទឹកភ្នែកជោគថ្ពាល់នៅចំពោះមុខសុធារ៉ា នោះ លោកអែន ឌី ថា ដោយសារតែបទចម្រៀងនោះកម្សត់ខ្លាំង អីចឹងហើយបានជាលោកពិតជាមិនអាចទប់ទឹកភ្នែកបាននៅចំពោះមុខភរិយាលោកសាពួន មីដាដា៕

RELATED ARTICLES