Friday, April 19, 2024
Homeព្រឹត្តិការណ៍សង្គមតុលាការផ្តន្ទាទោសលោកអ៊ុំ សំអាន ដាក់ពន្ធនាគារ២ឆ្នាំ ៦ខែ

តុលាការផ្តន្ទាទោសលោកអ៊ុំ សំអាន ដាក់ពន្ធនាគារ២ឆ្នាំ ៦ខែ

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកហេង សុខណា កាលពី រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បានសម្រេច ផ្តន្ទាទោសតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកអ៊ុំ សំអាន ដាក់ពន្ធនាគារ២ឆ្នាំកន្លះ និង ពិន័យជាប្រាក់៤លានរៀល ។

ការប្រកាសសាលក្រមនៅថ្ងៃនោះ គ្មាន វត្តមានលោកអ៊ុំ សំអាន និងមេធាវីការពារក្តី របស់លោកទេ គឺធ្វើឡើងដោយកំបាំងមុខក្រោម ការចោទប្រកាន់ចំនួន២ករណី គឺ “ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម” និងបទ “ញុះញង់ឱ្យមាន ការរើសអើង” តាមមាត្រា៤៩៥ និង៤៩៦នៃ ក្រមព្រហ្មទណ្ឌ។ ពោលគឺតុលាការលោកអ៊ុំ សំអាន មានចេតនាបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម និងញុះញង់ឱ្យមានការរើសអើងជាតិ សាសន៍ តាមរយៈការសរសេរ និងធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀត- ណាម។

គួររំលឹកថា លោកអ៊ុំ សំអាន ត្រូវបាន សមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពី យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពី លោកវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។  លោកត្រូវបានតុលាការចោទប្រកាន់ចោទប្រកាន់ ពីបទញុះញង់ឱ្យមានការរើសអើង និងប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ តាមក្រមព្រហ្មទណ្ឌ បន្ទាប់ ពីលោកបានធ្វើការអធិប្បាយជាបន្តបន្ទាប់នៅ លើទំព័រហ្វេសប៊ុកអំពីការប្រើប្រាស់ផែនទី និង បោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម។

សាលក្រមផ្តន្ទាទោសលោកអ៊ុំ សំអាន របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងក្រោយពេលដែលតុលាការកំពូល កាល ពីពេលកន្លងទៅ បានបើកសវនការជំនុំជម្រះ ទៅលើបណ្តឹងរបស់មេធាវីលោកអ៊ុំ សំអាន ដែល ស្នើឱ្យតុលាការកំពូលមេឃភាពនីតិវិធីរបស់ សាលាដំបូងរាជធានីភ្នំពេញ ។

នៅក្នុងពាក្យបណ្តឹងនោះ ក្រុមមេធាវីលោក អ៊ុំ សំអាន ចោទប្រកាន់ថា ការស៊ើបសួរនិង ចាប់ខ្លួនលោកអ៊ុំ សំអាន កន្លងមក មិនគោរព ទៅតាមច្បាប់ គឺខុសទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ។ ដូច្នេះសុំឱ្យតុលាកការកំពូល ពិនិត្យវិច្ឆ័យឱ្យបាន ត្រឹមត្រូវ។ ប៉ុន្តែជាលទ្ធផល នៅពេលនោះ ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក ចៅក្រម សឹង បញ្ញាវុធ បានប្រកាសសាលដីកា ថា តុលាការកំពូលពុំអាចពិចារណាលើលទ្ធភាព នៃបទល្មើស និងមិនអាចទទួលយកបណ្តឹងសា ទុក្ខមេធាវីរបស់លោកអ៊ុំ សំអាន បានទេ។ គឺ ការសម្រេចនេះដូចគ្នាទៅនឹងការសម្រេចរបស់ សាលាឧទ្ធរណ៍ កាលពីពេលកន្លងទៅដែរ។

ដោយឡែកទាក់ទងសាលក្រមផ្តន្ទាទោស របស់សាលាដំបូងរាជធានីភ្នំពេញ នេះដែរ ក្រសួង យុត្តិធម៌ និងមន្ត្រីរាជរដ្ឋាភិបាល បានចាត់ទុក ថា ជាការសម្រេចត្រឹមត្រូវតាមឆន្ទានុសិទ្ធិរបស់ តុលាការ។

ទោះយ៉ាងណា សម្រាប់គណបក្សប្រឆាំង  និងសង្គមស៊ីវិលមួយចំនួន បានសម្តែងការមិន ពេញចិត្តនឹងការសម្រេចនេះ ដោយយល់ថា ជាការសម្រេចមានលក្ខណៈនយោបាយ ៕

ដោយ៖ កុលបុត្រ

RELATED ARTICLES