Tuesday, September 23, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ ទុកឱកាសឲ្យកូនល្បី ទើបដើរចេញពីហង្សមាស?

លោកព្រាប សុវត្ថិ ទុកឱកាសឲ្យកូនល្បី ទើបដើរចេញពីហង្សមាស?

ព្រាប សុវត្ថិ ដើរចេញពីផលិតកម្មរស្មីហង្សមាស ដែលខ្លួនធ្លាប់ជ្រក២៣ឆ្នាំ ហើយពេលនេះក្លាយទៅជាតារាចម្រៀងចុះកុងតា្រជាមួយ Galaxy Navatra រហូតដល់ឆ្នាំ២០២៥។

ជុំវិញការរើទ្រនំចាស់ ផ្លាស់ចូលទ្រនំថ្មីនេះ មានព័ត៌មានថា ថៅកែ Galaxy Navatra បានទិញព្រាប សុវត្ថិ នូវតម្លៃខ្លួន៣០ម៉ឺនដុល្លារ នឹងផ្ដល់ប្រាក់ខែចំនួន៨០០០ដុល្លារ ក្នុងកុងត្រារយៈពេល៥ឆ្នាំ ដែលមានន័យថា ព្រាប សុវត្ថិ នឹងបានទទួលកញ្ចាប់ថវិកាសរុបចំនួនជិត១លានដុល្លារ។

ប៉ុន្ដែរការលេចឮទាំងនេះ ត្រូវបានលោកណាវ៉ាត្រា ជាម្ចាស់ផលិតកម្មបានច្រានចោល ដោយលោកអះអាងថា ព្រាប សុវត្ថិ ទៅច្រៀងនៅផលិតកម្មលោកដោយបេះដូង។

សំណួរដែលមហាជនចង់ដឹងថា តើព្រាប សុវត្ថិ បានចំណេញអី និងខាតអីខ្លះ ពីការចេញពីហង្សមាស ចូលថោន?

បើតាមអ្នកជំនាញសិល្បៈបានលើកឡើងថា ចំណុចដែលព្រាប សុវត្ថិ ចំណេញពីការដើរចេញពីហង្សមាស នេះ គឺមានដូចជាលោកអាចធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួលកាន់តែខ្លាំងជាងមុន ហើយលោកកាន់តែលូកដៃចូលជ្រៅទៅលើផ្នែកជំនួញអចលនទ្រព្យ។

អ្នកជំនាញរូបនោះថា ហង្សមាស បានប្រើធនធានមនុស្សទាំងអស់គ្រប់ផ្នែក មានដូចជា អ្នកនិពន្ធបទភ្លេង , ទំនុកច្រៀង ដឹកនាំសម្ដែង ជាដើម ដើម្បីជួយព្រាប សុវត្ថិ រយៈពេល២៣ឆ្នាំនេះ គឺផលិតកម្មមួយនេះអស់វិធីក្នុងការជួយព្រាប សុវត្ថិ ឡើងជើងនេះទៀតហើយ ព្រោះថា ព្រាប សុវត្ថិ ឡើងផុតគេអស់។

លោកថា ហេតុនេះហើយការទៅដល់ផលិតកម្មថ្មីនោះ ធនធានផលិតកម្មនោះ នឹងរកវិធីផ្សេងទៀតក្រៅពីហង្សមាស ដើម្បីឲ្យព្រាប សុវត្ថិ បញ្ចេញសមត្ថភាពបែបផ្សេងវិញម្ដងកុំឲ្យដដែលៗពេក។

អ្នកជំនាញរូបនោះថា បើព្រាប សុវត្ថិ នៅច្រៀងហង្សមាស ទៀត គឺកូនប្រុសទាំង៣របស់លោកមិនហ៊ានប្រជែងជាមួយលោកជាឪពុកនោះទេ អីចឹងការទៅផលិតកម្មថ្មីល្អជាង។ យ៉ាងណា លោកបានព្រមាន Galaxy ថា បើសិនជាបទចម្រៀងរបស់ព្រាប សុវត្ថិ ចេញបើកឆាកដំបូង ដែលអាចត្រូវការពី៥ទៅ៦បទ ដើម្បីយកច្រៀងតាមឆាកតន្ត្រីទាំងឡាយនោះ តែបើគ្មានបទល្បីទេ ច្បាស់ជាចោលលុយជាមិនខាន។

លោកបន្តទៀតថា ចាប់ពីពេលនេះតទៅ មនុស្សគ្រប់គ្នារង់ចាំមើលថា តើព្រាប សុវត្ថិ នឹងចេញបទចម្រៀងអី ពិរោះអត់នៅផលិតកម្មថ្មីហ្នឹង អីចឹងខុសពីលោកនៅហង្សមាស ដែលកាលណានៅយូរឆ្នាំពេក ទោះជាចេញបទអី ក៏គេលែងតាមដានដែរ។ លោកថា សម្រាប់លោកបានគាំទ្រព្រាប សុវត្ថិ ចេញពីហង្សមាស៥៥% និងគាំទ្រឲ្យនៅ៤៥% ព្រោះកុំថាឡើយព្រាប សុវត្ថិ សូម្បីតែកីឡាករបាល់ទាត់ល្បីៗរបស់ពិភពលោក ដូចជា Ronaldo ក៏គេដូរក្លឹបដែរ អីចឹងលោកជឿថា ព្រាប សុវត្ថិ នៅប្រជែងទីផ្សារចម្រៀងបាន៥ឆ្នាំទៅមុខទៀត។

ក្រោយអះអាងពីចំណុចល្អដែលព្រាប សុវត្ថិ ទៅជ្រកកោននៅផលិតកម្មថ្មីនោះ អ្នកជំនាញសិល្បៈដែលស្នើមិនឲ្យដាក់ឈ្មោះលោកចូលលើទំព័រសារព័ត៌មានរូបនោះ បានព្រមានលោកព្រាប សុវត្ថិ  ពីចំណុចខាតបង់ផងដែរ ក្រោយលែងជាតារាចម្រៀងរបស់ហង្សមាសនោះ។

លោកថា ព្រាប សុវត្ថិ មិនអាចបញ្ចប់កំណត់ត្រាច្រៀងឲ្យតែហង្សមាស អស់១ជីវិតបាន ហើយពេលនេះបានបាត់បង់តំណែងជាគណៈកម្មការកម្មវិធីលំដាប់ពិភពលោក របស់ទូរទស្សន៍ហង្សមាស ទាំង៣ព្រមគ្នាតែម្ដង រួមទាំង ការប្រគំតន្ត្រីជាច្រើនពីកម្មវិធីទាំងនោះ គឺ “The Voice Kids Cambodia” , “Cambodian Idol” និង “Cambodian  Idol Junior” ។

លោកបញ្ជាក់ថា ការដែលព្រាប សុវត្ថិ ចេញមុខពីកម្មវិធីទាំង៣ខាងលើនេះ ទោះជាលោកមិនសូវមានបទចម្រៀងថ្មីៗចេញ ក៏លោកនៅតែមានកិត្តិយស និងល្បីដែរ។ ប៉ុន្ដែលោកថា ព្រាប សុវត្ថិ នៅតែអាចច្រៀងសម្ដែងនៅតាមឆាកតន្រ្ដីធំៗរបស់ហង្សមាស ដដែល ព្រោះថា កម្មវិធីទាំងនោះមិនមែនហង្សមាស តម្រូវជ្រើសរើសតារាខ្លួនឯងនោះទេ គឺ Agency ជាអ្នកចុចឈ្មោះតារាចម្រៀងដែលគេចង់បាន។

ថ្វីត្បិតតែអ្នកជំនាញសិល្បៈរូបនោះ បានបែងចែកពីភាពចំណេញនិងខាតរបស់ព្រាប សុវត្ថិ ក្រោយចេញពីហង្សមាស ក្ដី ប៉ុន្ដែលោក ក៏ដូចជាលោកម៉ិញ សុធីវណ្ណ , នូ ស៊ិប និងគង់ វិសាល ដែរថា មិនហ៊ានព្យាករណ៍ទុកមុនថា ព្រាប សុវត្ថិ នឹងល្បីប៉ុនណានៅផលិតកម្មថ្មីនោះទេ ខណៈដែលអតីតអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកថៃ នរៈសត្យា មិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ ដោយលោកថា មិនគួរណាត្រូវវិភាគរឿងព្រាប សុវត្ថិ ចេញពីហង្សមាស ឡើយ បើទោះជាកន្លងមកលោកធ្លាប់និពន្ធបទចម្រៀងឲ្យព្រាប សុវត្ថិ ច្រៀងនៅហង្សមាសក្ដី៕   ហ៊ឹម វិចិត្រ

RELATED ARTICLES