ពេជ្រ សោភា មិនសូវច្រៀងឆ្លងឆ្លើយជាមួយប្រុសក្មេង លោក Step ដូចមុនទៀតទេ នៅរយៈពេលចុងក្រោយនេះ ប៉ុន្តែនាងបែរជាងាកទៅចាប់ដៃជាមួយគ្រូភេ្លង (Music Composer) លោកមាស សុគន្ធ ហៅគ្រួអួយ ទៅវិញដោយអ្នកទាំង២ បានត្រៀមចេញបទចង្វាក់រេបរួមគ្នា ខណៈកាលពីឆ្នាំមុន នាងធ្លាប់ច្រៀងបទប្រភេទនេះជាមួយតារាចម្រៀងងួន ចាន់ដេវីត ទទួលបានជោគជ័យខ្លាំង។

ពេជ្រ សោភា បានឲ្យដឹងថា នាងពិតជាបានច្រៀងជាដៃគូជាមួយលោកគ្រួអួយ មែន ដែលបទចម្រៀងនោះបានរៀបចំអស់ហើយ តែមិនទាន់ចេញ។ នាងថា លោកគ្រួអួយ ហាក់រារែកចិត្ត ព្រោះគាត់ធ្លាប់តែធ្វើភ្លេងឲ្យគេច្រៀង តែពេលនេះដល់ពេលលោកចូលរេបខ្លួនឯងវិញម្ដង ធ្វើឲ្យលោកហាក់ប្លែកបន្ដិច ប៉ុន្ដែនាងជំរុញ ព្រោះថ្មីៗនេះ លោកក៏ត្រូវបានផលិតផលធំមួយមកពីកូរ៉េ បានជ្រើសលោកធ្វើជាទូតសុច្ឆន្ទៈផងដែរ។

គួររំលឹកថា ពេជ្រ សោភា ហាក់ឆ្វាក់ក្នុងការជួយជ្រោមជ្រែងតារាចម្រៀងប្រុសៗឲ្យបានល្បីឈ្មោះ ដូចជាកន្លងមក នាងបានធ្វើឲ្យបុរស៣នាក់មកហើយ ល្បីឈ្មោះ ដោយសារតែការបានចាប់ដៃគូជាមួយនាង ក្នុងនោះ មានដូចជា លោកងួន ចាន់ដេវីត , សុខ វិបុល ហៅ Step និងឆឹម សក្កដា។

ប៉ុន្ដែសោភា មិនដែលអួតអាងថា នាងជាអ្នកបើកផ្លូវឲ្យតារាទាំងនោះល្បីដោយសារស្នាដៃនាងនោះទេ គឺនាងតែងតែថា តារាទាំងនោះពួកគេមានសមត្ថភាពផ្ទាល់ខ្លួនរបស់គេ។
ដោយឡែក ការងាកមកចាប់ដៃគ្រូភ្លេងល្បីឈ្មោះ លោកអួយ ដែលមានកូន៣នាក់ទៅហើយនោះ នៅមិនទាន់ដឹងថា នោះគ្រាន់តែជាការសាកល្បងតែប៉ុន្មានបទ ឬមួយក៏ពួកគេនឹងចាប់ដៃគ្នាវាយលុកទីផ្សារចម្រៀងផ្នែករេបនេះឲ្យខ្លាំង ក្រោយស្ងប់កូវីដ-១៩នេះតែម្ដង ព្រោះលោកអួយ ធ្លាប់បានធ្វើបទភ្លេងឲ្យតារាល្បីៗជាច្រើនបទមកហើយ ច្រៀងនៅហង្សមាស។

ពេជ្រ សោភា ច្រៀងនៅហង្សមាសជាង១៥ឆ្នាំទៅហើយនោះ មានព័ត៌មានថា នាងចង់ដើរចេញពីទ្រនំធំនេះទៅតាមកំពូលតារាចម្រៀងព្រាប សុវត្ថិ នៅផលិតកម្ម Galaxy Navatra ប៉ុន្ដែសោភា បានប្រកែក ដោយថា បច្ចុប្បន្ននាងគ្មានបំណងប្ដូរផលិតកម្មច្រៀងនោះទេ តែនៅថ្ងៃខាងមុខ មើលមិនទាន់ដឹង។
យ៉ាងណា កាលពីពេលថ្មីៗនេះ នាងបែរជាបញ្ចេញសារហាក់ចង់ចេញពីហង្សមាស ទៅវិញ ដោយនាងវាចាថា ”បើខ្ញុំតាំងចិត្តហើយ គឺខ្ញុំមិនដែលស្ដាយក្រោយ ដើមឈើធំតែខ្ញុំខ្លាច”។

ពេជ្រ សោភា ស្ថិតក្នុងចំណោមតារាចម្រៀងលំដាប់ Grade A ទាំង៥ដួង មានដូចជា ព្រាប សុវត្ថិ , ខេមរៈ សិរីមន្ដ , មាស សុខសោភា និងឱក សុគន្ធកញ្ញា។
សោភា ធ្លាប់និយាយថា នាងអាចនឹងបញ្ចប់អាជីពចម្រៀងនៅផលិតកម្មហង្សមាស ប៉ុន្ដែកាលពីឆ្នាំមុនធ្លាប់មានដំណឹងថា នាងចង់ទៅសាន់ដេ ម្ដងរួចទៅហើយ តែទីបំផុតនាងនៅតែជាតារាចម្រៀងនៅហង្សមាសដដែល។

យ៉ាងណា ពេលនេះ សោភា មិនពឹងលើអាជីពចម្រៀងទាំងស្រុងដូចមុននោះទេគឺនាងផ្ដោតលើការធ្វើជំនួញនៅខាងក្រៅសិល្បៈ តាមរយៈការរកស៊ី Online ហើយពេលនេះនាងមានជីវភាពធូរធារស់នៅផ្ទះវីឡាស្កឹមស្កៃ និងជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នា គឺ Porsche និង Range Rover។

ទស្សនិកជនរង់ចាំមើលថា ការចាប់ដៃគូជាមួយគ្រូភ្លេង លោកគ្រួអួយ នេះ ធ្វើឲ្យសោភា ជោគជ័យដូចដៃគូមុនៗទៀតដែរឬទេ ខណៈដែលចំណងស្នេហានាងជាមួយប្រុសរូបសង្ហា លោកឆឹម សក្កដា នៅតែគ្មានដំណឹងចូលរោងការ៕ ហ៊ឹម វិចិត្រ