តារាចម្រៀងមាស សុខសោភា បានដើរចេញពីផលិតកម្មថោន ជាង២ខែទៅហើយ តែពេលនេះមិនទាន់រកបានទ្រនំថ្មីនៅឡើយទេ គឺនាងច្រៀងផលិតកម្មផ្ទាល់ខ្លួន Camtrax ប៉ុណ្ណោះ។

មហាជនជាច្រើនសន្និដ្ឋានថា សោភា នឹងចូលផលិតកម្មថ្មី Galaxy Navatra ឬហង្សមាស ជាមិនខាន នៅពេលឆាប់នេះ ដើម្បីធ្វើឲ្យទីផ្សារចម្រៀងរបស់នាងកាន់តែមានការប្រកួតប្រជែងថែមទៀត។

ក្នុងជំនួបផ្ទាល់ជាមួយមាស សុខសោភា កាលពីរាត្រីថ្ងៃទី៤ ខែកញ្ញានោះ សោភា នៅតែមិនទាន់ហ៊ានបង្ហាញផលិតកម្មថ្មីដែលនាងនឹងទៅផ្ញើខ្លួនឡើយ ប៉ុន្តែនាងអះអាងថា អាចចុងឆ្នាំ២០២០នេះ នឹងដឹងថា នាងទៅច្រៀងនៅផលិតកម្មណាជាមិនខាន។

សោភា ថា ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយ អីចឹងនាងចង់ឲ្យក្រុមគាំទ្ររបស់នាងមានការ Surprised គឺមិនចង់ប្រាប់មុននោះទេ គឺទុកឲ្យបងប្អូនបានឃើញទាំងអស់គ្នាតែម្ដង។

សោភា បន្ថែមថា មិនយូរទេអ្នកគាំទ្រនាងនឹងបានស្ដាប់បទចម្រៀងថ្មីនៅផលិតកម្មមួយ ដែលនាងសង្ឃឹមថា ការចរចានឹងដំណើរការទៅមុខ តែពេលនេះនាងសូមលាក់ផលិតកម្មដែលនាងអាចនឹងមានភាគរយខ្ពស់ក្នុងការទៅនោះសិន។

ថ្វីត្បិតតែមាស សុខសោភា មិនប្រាប់ថា ទ្រនំថ្មីដែលនាងអាចនឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខ ជាផលិតកម្មណាក៏ដោយ តែទស្សនិកជនអាចព្យាករណ៍មុនទៅហើយថា គឺមានតែ២ផលិតកម្មប៉ុណ្ណោះ ដែលសោភា នឹងទៅនោះ គឺអាចហង្សមាស ឬ Galaxy Navatra។

ប៉ុន្ទែអ្វីដែលមហាជនចង់ដឹងនោះថា តើមាស សុខសោភា នឹងនៅតែជាតារាដែលទៅដល់ផលិតកម្មណា ល្បីនៅផលិតកម្មនោះទៀតឬយ៉ាងណ៕ ហ៊ឹម វិចិត្រ