ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចឆ្មក់ចុះបង្ក្រាបនិងចាប់ខ្លួនបាន នាវេលាទៀបភ្លឺ ខណៈដែលជនសង្ស័យទាំង២នាក់ កំពុងសម្ងំសោយសុខជាមួយស្រីស្នេហ៍ក្នុងផ្ទះសំណាក់។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់ “សេះស” មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រតិបត្តិការខាងលើ ត្រូវបានលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បញ្ជាឱ្យលោកវរសេនីយ៍ទោ គួច សុភា អធិការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្ទាល់ សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី។
លោកវរសេនីយ៍ទោ គួច សុភា អធិការរងខណ្ឌ ដែលដឹកនាំកម្លាំងចុះផ្ទាល់ បានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យ១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌសែនសុខ អស់ជាច្រើនគ្រឿង ទើបលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ ដែលកំពុងតែដេកក្នុងផ្ទះសំណាក់ខាងលើ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរ និងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំចាត់ការបន្ត តាមនីតិវិធី៕