Wednesday, August 27, 2025
Homeព័ត៌មានជាតិមនុស្សទាំង៦នាក់នោះ ក៏មានជនជាតិម្នាក់ ធ្វើសកម្មភាពនេះដែរ

មនុស្សទាំង៦នាក់នោះ ក៏មានជនជាតិម្នាក់ ធ្វើសកម្មភាពនេះដែរ

ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីក្លែងបន្លំខ្លួនជាសមត្ថកិច្ច នគរបាល និងជំរិតទារប្រាក់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ មានជនសង្ស័យមួយក្រុម ជាជនជាតិខ្មែរ មានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិលជិះរថយន្ត PICK Up ១គ្រឿង ពណ៌ស និងម៉ូតូ២គ្រឿង អះអាងថា ជាសមត្ថកិច្ចនគរបាល បានធ្វើសកម្មភាពស្ទាក់ឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ ២C-៩២៩១ ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

ជនរងគ្រោះបន្តថា បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿងញៀន១កញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៤០០០ដុល្លារ បើមិនព្រមឱ្យទេ ក្រុមជនសង្ស័យទាំងនោះនឹងចាប់ជនរងគ្រោះទៅប៉ុស្តិ៍ប៉ូលិស។

ដោយមានការភ័យខ្លាច ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២៣០០ ដុល្លារ យកទៅប្រគល់ឱ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅសល់នឹងឱ្យនៅពេលក្រោយ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យសរុប៦នាក់ (ជនជាតិចិន១នាក់) ជាបន្តបន្ទាប់ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

ជនរងគ្រោះមានឈ្មោះ Chang Kang ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះ-សីហនុ។ បាត់បង់លុយ២៣០០ដុល្លារ។

ចំណែកក្រុមជនសង្ស័យទាំង៦នាក់ រួមមាន ៖
ទី១-ឈ្មោះហាក់ សុធាបញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរភ្នាក់ងារសារព័ត៌មានកម្ពុជាញូវផ្លាស មានលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ទី២-ឈ្មោះអ៊ួន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារសារព័ត៌មាន CAM POST មានលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
ទី៣-ឈ្មោះចិន ប៊ុនធឿន ហៅរាជ្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ភ្នាក់ងារសារព័ត៌មាន NEWS Online មានលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ទី៤-ឈ្មោះចម្រើន លាងម៉េង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរម៉ៅការសំណង់ និងជួលរថយន្ត មានលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ទី៥-ឈ្មោះស៊ឹម សុខដា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរជំនួយការរបស់ឈ្មោះអ៊ួន ប្រុស ភ្នាក់ងារសារព័ត៌មាន CAM POST មានលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
និងទី៦-ឈ្មោះចូវ ដុងយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបររត់តាក់ស៊ី មានលំនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES