ខេត្តបាត់ដំបង ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ បានដើរតាមអ្នកភូមិឆ្លងទឹកអូរព្រំដែន ទៅបេះត្រកួន ស្រាប់តែរអិលជើងធ្លាក់ចូលទឹក បាត់ខ្លួនអស់រយៈពេល១យប់១ថ្ងៃ ទម្រាំសាច់ញាតិនិងសមត្ថកិច្ច រាវរកសាកសពឃើញ។
ករណីក្មេងស្រី៩ឆ្នាំលង់ទឹកស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចអូរព្រំដែនខ្មែរ-ថៃ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ លុះមកដល់វេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ទើបរាវរកសពឃើញនៅចំណុចប៉ុស្តិ៍កំពង់ឈើ ស្ថិតក្នុងភូមិអូរដាលើ ឃុំអូរដា ស្រុកកំរៀង។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះគង់ ស្រីមាន អាយុ៩ឆ្នាំ មានលំនៅក្នុងតំបន់ព្រំដែនខ្មែរ-ថៃ ទីតាំងកើតហេតុខាងលើ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង មានករណីក្មេងស្រីលង់ទឹក ដោយសារទឹកជន់ខ្លាំង ខណៈដែលក្មេងស្រីរងគ្រោះ បានដើរតាមគេឯង ដើម្បីឆ្លងអូរ ទៅបេះត្រកួន យកមកលក់ ហើយក៏ត្រូវទឹកកួចលិចបាត់តែម្តង។ រហូតដល់ម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ទើបមានការភ្ញាក់ផ្អើលដោយសារតែសពក្មេងស្រីរងគ្រោះត្រូវបានរកឃើញនៅចំណុចប៉ុស្តិ៍កំពង់ឈើ ក្នុងភូមិអូរដាលើ ឃុំអូរដា ស្រុកកំរៀង ដោយកម្លាំងវរ:៥០៤ បានជួយខ្នះខ្នែងរកឃើញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពក្មេងស្រីរងគ្រោះ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ក្នុងនោះដែរ លោកវរសេនីយ៍ឯក កូវ មន្ថា ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនរៀល ដល់ក្រុមគ្រួសារសពផងដែរ៕