ម៉ាក សែនសូនីតា បានដឹកដៃស្វាមីរបស់នាង លោកប៉ុល វិបូរ ហៅនីត ទៅថតរូបកៀកកើយគ្នា មុនពេលដែលនាងត្រូវសម្រាលកូននៅចុងឆ្នាំ២០២០នេះ។ តាមរយៈការបញ្ចេញក្បាលពោះសិចស៊ីនោះ តូតា នៅតែមានសម្រស់ ហើយមនុស្សមួយចំនួនបានច្រណែននាង នៅពេលដែលឃើញតារាសម្ដែងរូបនេះ បង្ហាញរូបភាពមានក្ដីបំផុតក្នុងជីវិត ក្រោយពីមានប្ដីនិងត្រៀមសម្រាលកូនដំបូងនេះ។

ក្រុមអ្នកគាំទ្ររបស់តូតា បានសួរថា កូនទី១របស់នាង ជាកូនប្រុសឬស្រី ហើយនាងបង្ហាញសញ្ញាថា ជាកូនប្រុស និងជួនកាលនាងហៅថាជាកូនពូជរបស់ស្វាមីនាង។

ម៉ាក សែនសូនីតា បានដឹកដៃលោកប៉ុល វិបូរ ហៅនីត ដែលជាថៅកែផលិតកម្ម Angkor Picture និងជាពោះម៉ាយកូន២ រៀបការកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ហើយអំឡុងពេលពពោះនេះ តូតា បានបង្កើតមុខជំនួញដល់ទៅ២ព្រមគ្នាតែម្ដងនោះ គឺនាងបើកកសិដ្ឋានចិញ្ចឹមគោនៅជើងភ្នំក្នុងខេត្តមួយ និងបើកហាងលក់គ្រឿងអលង្ការ នៅម្ដុំផ្សារទួលសង្កែ។

តូតា ដែលធ្លាប់ដឹងថា ស្វាមីរបស់នាងជាបុរសម្បូរមន្ដស្នេហ៍មិនធម្មតានោះ នាងតែងតែហៅថាជាប្ដីប្លង់រឹងរបស់នាង ដែលក្នុងន័យមិនអាចស្រីណាឆក់ប្ដីពីនាងបានឡើយ។

ដោយឡែក លោកនីត វិញ បង្ហាញឲ្យគេឃើញថា លោកស្រលាញ់និងថ្នាក់ថ្នមភរិយាខ្លាំងណាស់ ដូចជាថ្មីៗនេះ លោកថតរូបថើបក្បាលពោះតូតា ទៀតផង ដែលបញ្ជាក់ថា លោកស្រលាញ់ប្រពន្ធ និងកំពុងទន្ទឹងរង់ចាំមើលមុខកូនប្រុសរបស់លោកយ៉ាងអន្ទះសារ។
ប៉ុន្ដែនេះជាកូនទី៣ហើយសម្រាប់ស្វាមីតូតា ព្រោះលោកនីត ធ្លាប់មានកូនប្រុសស្រី២នាក់ ជាមួយអតីតភរិយា។

ក្រៅពីតូតា តារាដែលកំពុងពពោះនៅឆ្នាំ២០២០នេះ មានដូចជា អ្នកនាងសួស វីសា និងអែន ជី ជាដើម ស្របពេលដែលអ្នកនាងម៉ូលីកា , ខ្ញុង និងភរិយាប៉ែន ចំរ៉ុង យកកូនព្រមគ្នាតែម្ដងនៅឆ្នាំនេះ៕