សុផា លីនដា បានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ជាមួយអាណិកជនខ្មែរ មកពីអាមេរិក វ័យ៣០ឆ្នាំស្ដើង លោកកាំង ប៊ុណ្ណា ដែលពិធីនេះរៀបចំនៅទួលគោក មានឪពុកម្ដាយទាំងសង និងមិត្តភក្ដិមួយចំនួនទៀតចូលរួមអបអរសាទរផងដែរ។

ចំណងស្នេហាឆ្លងទ្វីពរបស់ស្រីស្អាតសុផា លីនដា នេះ បានក្លាយទៅជាគូដណ្ដឹងគ្នា បន្ទាប់ពីអ្នកទាំង២ ទើបស្រលាញ់គ្នាបានជាង៤ខែប៉ុណ្ណោះ ហើយចាប់ដៃគ្នាបើកហាងខ្ទះពុះ និងគ្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២១ ខាងមុខនេះហើយ។

សុផា លីនដា បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ថា រយៈពេល៤ខែនេះ នាងបានពិសោធន៍ចិត្តគូស្នេហ៍ថា បុរសអាណិកជនរូបនោះពិតជាស្រលាញ់នាងដោយស្មោះត្រង់មែន ហើយអ្វីដែលនាងកាន់តែទុក្ខចិត្តថែមទៀតនោះ គឺការភ្ជាប់ពាក្យនេះតែម្ដង ព្រោះនាងយល់ថា បើគេស្រលាញ់យើងស្មោះ គឺគេចូលស្ដីដណ្ដឹងភ្ជាប់ពាក្យបែបនេះហើយ។
លីនដា បន្តថា កម្មវិធីភ្ជាប់ពាក្យរបស់នាងមានចាស់ទុំទាំងសងខាងដឹងឮ ហើយក៏មានមិត្តភក្ដិជិតដិតចូលរួមផងដែរ។

ដោយឡែក ទាក់ទងរឿងរៀបការវិញលីនដា បានឲ្យដឹងថានាងគ្រោងដឹកដៃគូស្នេហ៍ចូលរោងការនៅចុងឆ្នាំ២០២១ ប្រសិនបើជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញ ប៉ុន្ដែបើជំងឺនេះមិនទាន់រលត់ទេ គម្រោងរៀបការរបស់នាងនឹងមានការប្រែប្រួលអាចពន្យារ ឬលើកពេលមួយអន្លើសិន។
សុផា លីនដា ជាតារាសម្ដែង បង្ហាញម៉ូដ និងជាពិធីការិនីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ផងដែរ ដែលកន្លងមកធ្លាប់លេចឮថា នាងជាអតីតគូស្នេហ៍តារាចម្រៀងហង្សមាស លោកនៅ ស៊ីនឿន តែបានចែកផ្លូវគ្នាវិញ ហើយពេលនេះតារាចម្រៀងរូបនោះបានភ្ជាប់ពាក្យជាមួយនារីម្នាក់ មកពីអាមេរិក តាំងពីឆ្នាំមុន។

ចំណែកលីនដា វិញ មានប្រុសជាច្រើនទាំងក្នុងនិងក្រៅស្រុក តាមស្រលាញ់នាង តែនៅទីបំផុតនាងបានប្រគល់បេះដូងឲ្យទៅលោកកាំង ប៊ុណ្ណា ធ្វើជាម្ចាស់ចិត្ត ដោយនាងវាចាថា ដោយសារបុរសនោះយល់ចិត្តនាង ហើយក៏មិនហាមឃាត់នាងលេងសិល្បៈដែរ គឺនាងអាចបន្ដរអាជីពសិល្បៈជាធម្មតាបាន។ នាងថា គូស្នេហ៍មិនត្រឹមតែស្រលាញ់នាងនោះទេ ប៉ុន្ដែក៏ស្រលាញ់ក្រុមគ្រួសារនាងដែរ ហេតុនេះហើយបានជានាងមានភាពកក់ក្ដៅ រហូតឈានទៅភ្ជាប់ពាក្យដោយគ្មានការរារែកចិត្តនោះទេ ទោះជានាង និងលោកប៊ុណ្ណា ទើបស្គាល់គ្នាត្រឹមរយៈពេលខ្លីក៏ដោយ តែស្នេហាពិតអាចបញ្ជាក់បានច្បាស់ នៅពេលដែលមានការភ្ជាប់ពាក្យត្រឹមត្រូវតាមប្រពៃណីខ្មែរនេះ។

ការដែលលីនដា ប្រគល់បេះដូងដ៏ក្រហមឆ្អិនឆ្អៅឲ្យទៅបុរសអាណិជនខ្មែរមកពីអាមេរិកនេះ ធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដែលខកចិត្តដោយសារតែនាងមើលរំលងប្រុសក្នុងស្រុក ប៉ុន្ដែគេជឿថា ចំណងស្នេហាថ្មីនេះនឹងធ្វើឲ្យលីនដា ស្គាល់នូវស្នេហាពិត ហើយមិនមែនតែនាងម្នាក់ទេ ដែលជ្រើសគូស្នេហ៍ជាបុរសខ្មែរ នៅអាមេរិកនោះ តែកន្លងមកគេឃើញតារាល្បីៗជាច្រើនដួងមកហើយ យកប្ដីនៅអាមេរិក ដូចជា អ្នកនាងអម្ពរ ទេវី , គឹម លក្ខិណា , វ៉េត រតនា , សារ៉ាយ សក្ខណា និងសុគន្ធ និសា ជាដើម៕