ភ្នំពេញ ៖ ស្ត្រីជាអាណិកជនខ្មែររស់នៅក្រៅប្រទេសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រអត់សាច់ប្រាក់ (សែកស្អុយ) ដែលមានទឹកប្រាក់ចំនួន៣៥ម៉ឺនដុល្លារ។

ស្ត្រីសង្ស័យចេញសែកស្អុយ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះហុក ផល្លា អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២ ផ្លូវលេខ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ឱ្យដឹងថា ស្ត្រីឈ្មោះហុក ផល្លា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើកមុន ម្តងរួចហើយ ពាក់ព័ន្ធបណ្តឹងរបស់លោកហ៊ាង រតនា ករណីឆបោកដាក់ប្លង់ដីបញ្ចាំយកប្រាក់៤០ម៉ឺនដុល្លារ ប៉ុន្តែប្លង់ដីនោះជាប្លង់ដីខ្យល់។

បន្ទាប់មកដើមបណ្តឹងបានប្តឹងសមត្ថកិច្ច រហូតមានការឃាត់ខ្លួនស្ត្រីឈ្មោះហុក ផល្លា តែពេលនោះប្តីរបស់ស្ត្រីខាងលើ ឈ្មោះឃឹម ស្តើង បានយកប្រាក់ចំនួន៥ម៉ឺនដុល្លារ ទៅដាក់តម្កល់ឱ្យដើមបណ្តឹង ហើយចេញសែកមានទឹកប្រាក់ចំនួន៣៥ម៉ឺនដុល្លារ ដើម្បីធានាប្រពន្ធបាននៅក្រៅឃុំ។
មន្ត្រីនគរបាល បន្តថា ប៉ុន្តែមូលប្បទានបត្រ (សែក) ដែលមានទឹកប្រាក់៣៥ម៉ឺនដុល្លារ ដែលឈ្មោះឃឹម ស្តើង ចេញឱ្យទៅដើមបណ្តឹងនោះ ជាសែកស្អុយគ្មានសាច់ប្រាក់ ហេតុនេះហើយទើបជនរងគ្រោះសម្រេចិត្តដាក់ពាក្យប្តឹងទៅសមត្ថកិច្ច រហូតមានដីកាពីសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឱ្យចូលខ្លួនទាំង២នាក់ប្តីប្រពន្ធ ប៉ុន្តែពេលនេះចាប់បានប្រពន្ធ ចំណែកបុរសជាប្តីកំពុងគេចខ្លួន។

ស្ត្រីជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនីតិវិធី៕