តារាចម្រៀងសេន យូរី ហៅយូរី បានឲ្យដឹងថា ការសម្រេចចិត្តបន្ដនៅច្រៀងសាន់ដេ តទៅទៀត ឬទៅផលិតកម្មផ្សេងនោះ ពេលនេះនាងមិនទាន់ធ្វើការសម្រេចចិត្តនោះទេ ព្រោះថា កុងត្រារបស់នាងនៅជាមួយផលិតនេះបានអស់សុពលភាព តាំងពីខែកក្កដា ឆ្នាំ២០២០នេះមកម្ល៉េះ បន្ទាប់ពីនាងបានច្រៀងនៅទីនោះ រយៈពេល៥ឆ្នាំ។

យូរី ថា ធ្លាប់ច្រៀងនៅ Rock និងសាន់ដេ សុទ្ធតែមានកុងត្រាអីចឹងអំឡុងពេលដែលផុតកុងត្រានេះ នាងចង់សម្រាកទំនេរមួយរយៈសិន ហើយយ៉ាងយូរបំផុត២ខែខាងមុខនេះ នឹងដឹងហើយថា តើនាងនៅច្រៀងនៅផលិតកម្មណា។

ក្រៅពីមិនទាន់បញ្ជាក់ឲ្យច្បាស់ថា នឹងនៅតែជាតារាចម្រៀងសាន់ដេ ឬនឹងក្លាយទៅជាសមាជិកផលិតកម្មថ្មីផ្សេងទៀតនោះ យូរី បានអះអាងថា ទំនាក់ទំនងរវាងនាង និងថៅកែសាន់ដេ រយៈពេល៥ឆ្នាំកន្លងមក គឺគ្មានអ្វីល្អកកករ ឬទំនាស់ណានោះទេ គឺមានតែធ្វើការជាមួយគ្នាដោយស្នាមញញឹម តែក្រោយផុតកុងត្រានេះ នាងនិងថៅកែសាន់ដេ មិនទាន់បានជួបគ្នានិយាយរឿងកុងត្រាថ្មីឡើយ។

យូរី បន្តថា មានផលិតកម្មផ្សេងៗធ្លាប់ទាក់ទងនាងដែរ តែមិនច្បាស់លាស់អីចឹង អំឡុងពេលដែលនាងមិនទាន់ចូលផលិតកម្មថ្មីនេះ នាងធ្វើបទចម្រៀងដោយខ្លួនឯងសិន ប៉ុន្តែមិនយូរទេ គឺក្រុមអ្នកគាមទ្ររបស់នាងនឹងបានឃើញមុខនាងនៅផលិតកម្មថ្មីនោះឆាប់ៗហើយ។

យូរី ជាអ្នកចម្រៀងផ្នែកយុវវ័យ ក្នុងចំណោមតារាចម្រៀងដែលលេងសម្រស់ និងក្បាច់រាំយ៉ាងជក់ចិត្ត មានដូចជា រ៉ាប៊ី និងទេព បូព្រឹក្ស ជាដើម។ កន្លងមក យូរី ធ្លាប់ជោគជ័យនៅពេលដែលនាងចាប់ដៃគូជាមួយប្រុសក្មេងរូបសង្ហា លោកប៊ីម៉ូ ប៉ុន្ដែចាប់តាំងពីយូរី បង្ហាញភាពស្និទ្ធស្នេហ៍ជាមួយថៅកែហាងផឹកស៊ី ឈ្មោះលោកជា នី មក យូរី និងដៃគូផ្អាកច្រៀងសម្ដែងជាមួយគ្នាមួយរយៈមកហើយ។

យូរី បានឲ្យដឹងថា នាពេលខាងមុខនេះ នាងនឹងបង្ហាញដៃគូថ្មីម្នាក់ទៀតលើឆាកតន្ត្រី តែនាងមិនទាន់អាចសន្និដ្ឋានបានថា នឹងជោគជ័យដូចដៃគូចាស់ ឬយ៉ាងណានោះទេ៕
