ខេត្តឧត្តរមានជ័យ ៖ បុរសពិកាភ្នែកទាំងសងខាងម្នាក់ រស់នៅក្នុងជីវភាពទីទ័លក្រលំបាកខ្លាំងពេក រហូតដល់ប្រពន្ធទ្រាំរួមរស់ជាមួយមិនបាន ក៏រត់ចោលប្តីបាត់ ទុកកូនប្រុសតូចម្នាក់ឱ្យប្តីមើលថែថែមទៀត ធ្វើឱ្យជីវិតឪពុកកូនរស់នៅត្រដាបត្រដួស ស្ទើរដាច់ពោះស្លាប់។

បុរសពិការភ្នែកដែលត្រូវប្រពន្ធរត់ចោលខាងលើ សព្វថ្ងៃកំពុងរស់នៅជាមួយកូនប្រុសតូចម្នាក់ នៅភូមិអូរត្រាច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីទទួលបានដំណឹងខាងលើ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន និងក្រុមការងារជាច្រើនរូបទៀតនាំអំណោយជាថវិកា សម្ភារ: យកទៅប្រគល់ជូនបុរសអភ័ព្វខាងលើដល់លំនៅឋាន ឯភូមិអូរត្រាច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានថ្លែងអាណិតអាសូរចំពោះបុរសពិការភ្នែកទាំង២នេះ ដែលរស់នៅជាមួយកូនប្រុសតូចម្នាក់ក្នុងស្ថានភាពលំបាកវេទនា បន្ទាប់ពីភរិយារត់ចោល ហើយថែមទាំងរស់នៅតាមសំយាបផ្ទះគេទៀត។

ដើម្បីសម្រាលដល់ការខ្វះខាត និងលំបាកវេទនារបស់បុរសពិការភ្នែកទាំងសងខាង និងកូនប្រុសតូចនេះ លោកមេបញ្ជាការបាននាំអំណោយយកទៅប្រគល់ជូន រួមមាន ថវិកា ១៥ម៉ឺនរៀល អង្ករ ២ការ៉ុង មី ១កេស ត្រីខ ២យួរ ទឹកស៊ីអ៊ីវ ១យួរ ខ្លាញ់ ១ដប ស្ក-សរ ១គីឡូ ខ្ទឹមស ២គីឡូ ប៊ីចេង កន្លះគីឡូ ស្បែកជើងផ្ទាត់ ១សម្រាប់ ក្រមា១ ខោអាវ ២កំប្លេ ភូយ១ ខ្នើយ២ គ្រែដេក១ សាប៊ូម្សៅ ១គីឡូ ឆ្នាំងបាយ២ ចានបាយ ៥ ចានសម្ល ៥ ស្លាបព្រា ៥ និងធុងទឹក ១ ។
លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានបញ្ជាក់ថា រូបលោកនិងលោកមេភូមិអូរត្រាច រួមជាមួយក្រុមការងារ នឹងរកដីមួយកន្លែង សង់ផ្ទះទេវតាជូនបុរសពិការភ្នែកទាំងសងខាងនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតផង ដោលលោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់រស់នៅលំបាកវេទនា និងស្លាប់ដោយអត់បាយនោះទេ៕