លោកឆេង វណ្ណា ដែលជាថៅកែផលិតកម្មក្រុងពិជ័យ និងភោជនីយដ្ឋានវីហ្រេ្វន បានធ្វើខួបកំណើតរបស់លោក និងជប់លៀងគម្រប់ខួប១៤ឆ្នាំ នៃមុខជំនួញរបស់លោក រួមទាំងសម្ពោធហាងថ្មីវីហ្រេ្វននៅសាខាស្ពានប៉ាឡេ ឬស្សីកែវ ដោយមានតារាប្រុស្រីចូលរួមដល់ទៅ២០០នាក់ កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

លោកវណ្ណា បានឲ្យដឹងថា លោកផ្ដើមទុនដំបូងត្រឹមតែ៥០០០ដុល្លារប៉ុណ្ណោះ បើកហាងនេះ កាលពីឆ្នាំ២០០៦ ហើយពេលនេះមានហាងដល់ទៅ៤នៅសាខាផ្សេងៗគ្នា ទើបលោកឈានមកបើកផលិតកម្មក្រុងពិជ័យ ដែលផលិតរឿងទី១ ”សំណើច៦៥២Km” ដើម្បីជាការលើកស្ទួយវិស័យសិល្បៈខ្មែរ និងផ្ដល់ការងារឲ្យតារាៗធ្វើឲ្យពួកគេកាន់តែមានជីវភាពធូរធា។

ថៅកែផលិតកម្មរូបនេះ បន្ថែមថា លោកគ្រោងនឹងផលិតរឿងថ្មី នៅឆ្នាំ២០២១នេះថែមទៀត ពោលគឺនៅពេលដែលកូវីដ-១៩ស្ងាត់ ហើយលោកក៏មានបង្កើតកម្មវិធីជ្រើសរើសស្រីស្រស់ប្រុសស្អាត ដើម្បីឲ្យពួកគេមានឱកាសបានចូលរួមសម្ដែងភាពយន្ដរបស់លោកផងដែរ។

ទាក់ទងការប្រឡូកមុខជំនួញផ្ដើមពីទុនត្រឹមតែ៥០០០ដុល្លារ ពេលនេះលោកមានទ្រព្យរាប់សែនដុល្លារនោះថៅកែផលិតកម្មក្រុងពិជ័យ លោកវណ្ណា បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា ការបើកមុខជំនួញ លោកឈរលើគោលការណ៍សំខាន់៣ គឺទី១. ទីតាំង, ទី២. ពង្រឹងគុណភាព និងទី៣. សេវាកម្ម។

ដោយឡែក រឿង ”សំណើច៦៥២Km” ដែលជាវណ្ណកម្មដំបូងរបស់ផលិតកម្មក្រុងពិជ័យ នោះ ថៅកែផលិតកម្មរូបនេះ អះអាងថា ការថតនិងកាត់តរួចរាល់អស់ហើយ គឺនឹងត្រៀមដាក់បញ្ចាំងនៅចុងឆ្នាំ២០២០ខាងមុខនេះហើយ៕
