ព្រាប សុវត្ថិ ដែលចេញបទចម្រៀងបើកឆាកនៅផលិតកម្ម Galaxy Navatra បទ ”ខែភ្ជុំ ជ្រូកយំពេញទ្រុង” ហាក់ធ្វើឲ្យមហាជនមិនទាន់មានទំនុកចិត្តលើកំពូលតារាចម្រៀងរូបនេះថា នឹងអាចរក្សាតំណែងជាតារាចម្រៀងឈានមុខតទៅទៀតបាន ឬយ៉ាងណានោះទេ ដោយម្នាក់ៗរង់ចាំមើលបទចម្រៀងលោកជាបន្ទាប់ទៅវិញ ព្រោះតែមានការជជែកគ្នាថា បទដំបូងរបស់ព្រាប សុវត្ថិ ហាក់សូវផ្ទុះខ្លាំង ឬដូចបទចម្រៀងល្បីរបស់លោកនៅហង្សមាស ឡើយ។

ប៉ុន្តែផលិតកម្ម Galaxy វិញ និយាយដោយមោទនភាពថា បទព្រាប សុវត្ថិ គ្រាន់តែចេញ៣ថ្ងៃសោះ មាន 1M Views ទៅហើយ។

ប៉ុន្ដែអ្នកជំនាញសិល្បៈមួយចំនួន បានលើកឡើងថា កុំអាលទាន់វាយតម្លៃថា តើព្រាប សុវត្ថិ ចុះខ្សោយឬនៅតែខ្លាំង ពេលនេះអី ព្រោះរយៈពេលដែលលោកចូលទ្រនំថ្មីនោះ ខ្លីពេក អីចឹងរង់ចាំមើលទៅមុខបន្ដិចទៀតសិន ហើយបើអាចដឹងច្បាស់ គឺទាល់តែប្រើពេលពី៣ខែ ទៅ១ឆ្នាំ ទើបអាចនិយាយរឿងនេះបានហើយ។

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនូ ស៊ិប ថា លោកមិនទាន់បានមើលបទចម្រៀងដំបូងរបស់ព្រាប សុវត្ថិ នៅផលិតកម្មថ្មីនោះទេ ព្រោះលោកបានប្ដូរផ្ទះពីរាជធានីភ្នំពេញ ទៅនៅជាយក្រុង ពិបាកក្នុងការទាក់ទង។
យ៉ាងណា លោកថា គេមិនអាចវាយតម្លៃបទទី១នោះបានទេ ព្រោះនៅពេលវែងឆ្ងាយទៀត ហើយព្រាប សុវត្ថិ ទើបចូលអីចឹង មើលមិនទាន់ដឹងទេ។

ដោយឡែក អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីទូរទស្សន៍បាយ័ន លោកគង់ វិសាល ធ្លាប់ប្រាប់ថា អ្នកដែលព្យាករណ៍ថា ព្រាប សុវត្ថិ នឹងធ្លាក់ពេលទៅផលិតកម្មថ្មីនោះ អាចនឹងសន្និដ្ឋានខុសក៏ថាបាន ព្រោះតាមលោកធ្លាប់រួមការងារតាមឆាកតន្ត្រីជាច្រើន ជាមួយព្រាប សុវត្ថិ ជាង២០ឆ្នាំនេះ លោកមើលឃើញថា ព្រាប សុវត្ថិ ជាមនុស្សដែលមានគោលការណ៍ និងផែនការណ៍ច្បាស់លាស់ណាស់ ហើយលោកធ្វើអ្វីក៏?៕មិនដែលបរាជ័យដែរ។
ព្រាប សុវត្ថិ ដែលច្រៀងនៅហង្សមាស ២៣ឆ្នាំ បានសម្រេចិត្តឆាកចេញផលិតកម្មធំនោះ ហើយងាកទៅចុះកុងត្រា៥ឆ្នាំ នៅផលិតកម្ម Galaxy Navatra គឺមានន័យថា លោកនឹងឈរជើងនៅទ្រនំថ្មីដល់ឆ្នាំ២០២៥ ដែលមានបទចម្រៀងជាច្រើននឹងត្រៀមចេញនាពេលខាងមុខនេះ ហេតុនេះហើយបានជាអ្នកជំនាញសិល្បៈនៅតែអះអាងថា មិនអាចវាយតម្លៃព្រាប សុវត្ថិ ថាទៅមុខ ឬថយក្រោយ ត្រឹមបទទី១នេះបានទេ។

លោកកៅ សីហា អ្នកនិពន្ធនិងដឹកនាំនៅហង្សមាស ធ្លាប់និយាយថា ព្រាប សុវត្ថិ ល្បីផុតគេទៅហើយ តើឲ្យល្បីយ៉ាងម៉េចទៀតទៅ? លោកថា ពេលនេះគ្រប់គ្នារង់ចាំមើលថា តើបទចម្រៀងព្រាប សុវត្ថិ ចេញមកផ្ទុះឬអត់ មិនមែនថា គាត់ល្បីទៀតឬអត់នោះទេ ព្រោះគាត់ល្បីផុតគេអស់ហើយ។
ការឈានជើងចូលទ្រនំថ្មីរបស់ព្រាប សុវត្ថិ នេះ អតីតតារាចម្រៀងហង្សមាស មិនទាន់រកបានដៃគូតារាចម្រៀងស្រីណាដែលមានសមត្ថភាពខ្ពស់បំផុត ស័ក្តិសមក្នុងការចាប់ដៃជាមួយលោកឡើយ ខណៈដែលមុននេះ លេចឮថា មាស សុខសោភា និងពេជ្រ សោភា ត្រៀមស្ពាយបង្វេចទៅតាមលោកដែរ ប៉ុន្ដែក្នុងជំនួបថ្មីៗនេះ ជាមួយអ្នកយកព័ត៌មានយើង សោភា បានប្រាប់ថា នាងមិនដែលត្រូវផលិកម្ម Galaxy ទាក់ទងម្ដងណាឡើយ ស្របពេលដែលសោភា និយាយរាងស្ទាក់ស្ទើរថា នាងនៅតែមានក្ដីសុខជាមួយហង្សមាស តែថ្ងៃខាងមុខ គ្មានអ្នកណាមើលដឹងថា មានរឿងអីកើតឡើងទេ។

ចំណែកព្រាប សុវត្ថិ វិញ ត្រូវបានអ្នកជំនាញសិល្បៈថា ទោះជាពេលនេះលោកលែងច្រៀង ក៏មិនប៉ះពាល់ដល់វិបត្តិសេដ្ឋកិច្ចដែរ ព្រោះលោកមានមុខជំនួញនិងទ្រព្យធន មិនចាញ់ឧកញ៉ាៗនោះទេ ហេតុនេះហើយលោកអាចរៀបគម្រោងធ្វើជំនួញធំនៅពេលខាងមុខនេះ ថែមទៀតជាមិនខាន៕ ហ៊ឹម វិចិត្រ