Wednesday, August 27, 2025
Homeព័ត៌មានជាតិសំណាងល្អហើយ អ្នកបើកបរដឹកខ្លួនទាន់ កុំអីសមត្ថកិច្ចចាប់បានទាំងអស់

សំណាងល្អហើយ អ្នកបើកបរដឹកខ្លួនទាន់ កុំអីសមត្ថកិច្ចចាប់បានទាំងអស់

ខេត្តមណ្ឌលគិរី ៖ រថយន្តសាំងយ៉ុងមួយគ្រឿងដឹកឈើពេញ កំពុងតែធ្វើចរាចរណ៍លើដងផ្លូវ ត្រូវបានកម្លាំងល្បាតនៃស្នាក់ការសន្តិសុខ៧៦១ ធ្វើការបង្ក្រាបយកទៅប្រគល់ឱ្យជំនាញ ទីបំផុតក៏សម្រេចដុតកម្ទេចចោលទាំងរថយន្តនិងឈើទាំងអស់តែម្តង។

ការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់១គ្រឿង ដោយកម្លាំងកងរាជអាវុធហត្ថខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទម្ព ស្រុកកែវសីមា។

លោកសាក់ សាគុណ មេបញ្ជាការកងរាជ អាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ បានឱ្យដឹងថា កម្លាំងរបស់លោកតែងតែល្បាតដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលក្រុមឈ្មួញតែងតែលបលួចកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនដោយខុសច្បាប់ និងអនុវត្តតាមបទបញ្ជាពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទើបរូបលោកបានបញ្ជាកម្លាំងក្រោមឱវាទធ្វើការល្បាតរៀងរាល់ថ្ងៃយប់ ក្នុងភូមិសាស្ត្រ ស្រុកកែវសីមា តាមបណ្តោយផ្លូវជាតិលេខ៧៦ នេះ។

លោកមេបញ្ជាការ បញ្ជាក់ថា រថយន្តដែលបង្ក្រាបបាននោះ គឺដោយមានការសង្ស័យនិងភ្នាក់ងារសម្ងាត់ក៏បានផ្តល់ដំណឹងផងដែរ ទើបតាមពីក្រោយហើយក៏ជួបប្រទះឃើញ មានឡានដឹកឈើប្រាកដមែន ក៏ឈានដល់ការបង្ក្រាបតែម្តង។ ក្នុងពេលតាមបង្ក្រាបរថយន្តដឹកឈើនោះ អ្នកបើកបរដឹងខ្លួនក៏ឈប់ ហើយចុះរត់គេចខ្លួនទៅតាមក្រោយផ្ទះប្រជាពលរដ្ឋបាត់ស្រមោល ដោយទុកតែវត្ថុតាងរថយន្ត និងឈើនៅនឹងកន្លែង។

កម្លាំងកងរាជអាវុធហត្ថយើង បានរឹបអូសរថយន្តដឹកឈើខាងលើ ទៅរក្សាទុកនៅស្នាក់ការ៧៦១ ដើម្បីធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យរដ្ឋបាលព្រៃឈើកែវសីមា ចាត់ការបន្តតាមច្បាប់ព្រៃឈើ។

រថយន្តដែលបង្ក្រាបបានម៉ាកសាំងយ៉ុង ពណ៌ស អត់ស្លាកលេខ ផ្ទុកឈើប្រភេទស្រឡៅ ដែលមានមុខកាត់ធំៗប្រវែង២ម៉ែត្រទៅ៣ម៉ែត្រ ចំនួន១១កំណាត់ ហើយជំនាញរដ្ឋបាលព្រៃឈើ កែវសីមា បានធ្វើការវាស់វែងឃើញ មានចំនួន២៤៩២ម៉ែត្រត្រីគុណ។

ក្រោយមក សមត្ថកិច្ចនិងមន្ត្រីជំនាញ បានសម្រេចធ្វើការដុតកម្ទេចចោល ទាំងរថយន្ត និងឈើ រហូតដល់ឆេះអស់ទាំងស្រុងនៅចំណុចខាងលើតែម្តង៕

RELATED ARTICLES