ភ្នំពេញ ៖ បុរសម្នាក់បានចាញ់បោកជនសង្ស័យម្នាក់ដែលធានារត់ការធ្វើប៉ូលិស អស់ ប្រាក់៦ពាន់ដុល្លារ តែចុងក្រោយប្រាក់ក៏បង់ថង់ក៏ដាច បោកបានលុយរួច ជនសង្ស័យដាក់មេប្រូចបាត់ ទើបជនរងគ្រោះរត់មកប្តឹងសុំឲ្យលោកដួង តារា ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ជួយអន្តរាគមន៍វែកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។
លោកដួង តារា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ថា «ឲ្យលុយគេរត់ការធ្វើធំ ប្រយ័ត្នគេបោក!

សូមបងប្អូនប្រយ័ត្នចាញ់បោកជនខិលខូចដែលធានារត់ការធ្វើជាប៉ូលិស ឬប៉េអឹម ជាពិសេសក្នុងពេលកូវីដ-១៩ នេះ។
កាលពីម្សិលមិញ មានប្អូនប្រុសអ្នកខេត្តម្នាក់ បានមកសុំឲ្យខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញ បានបោកយកលុយគាត់អស់ជាង៦ពាន់ដុល្លារ។ ជនខិលខូចនេះបានធានាជួយរត់ការឲ្យគាត់បានធ្វើធំជាប៉ូលិស ឬជាប៉េអឹម។

ក្រោយពីជននោះបានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត ហើយបង្ហើរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួបតាមទូរស័ព្វ សុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក»។
លោកដួង តារា បានសរសេរបន្តថា «ខ្ញុំបានណែនាំប្រាប់ឲ្យប្អូនទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ បូលិសខណ្ឌ និងនៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះ យកមកផ្តន្ទាទោស កុំឲ្យដើរបោកប្រាស់ពលរដ្ឋទៀត។

សូមបងប្អូនកុំចាញ់បោកគេឲ្យសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង តែបែរជាឲ្យគេបោកបានស្រួលម៉េះ? ចាញ់បោកគេ អស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។ កុំទម្លាប់អាក្រក់ បុកលុយសូកប៉ាន់ ព្រោះអាចជួបរឿងបែបនេះ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង»។

ជុំវិញករណីខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីបុរសរងគ្រោះខាងលើនេះបានទេ កាលពីម្សិលមិញ៕