ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមចោរហារយ កាត់ចម្រឹងដែកបង្អួច ចូលយកអស់ទ្រព្យសម្បត្តិមួយចំនួន ធ្វើឱ្យម្ចាស់ផ្ទះ រួមនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងនូវការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះសុវត្ថិភាពក្នុងភូមិ-សង្កាត់របស់ខ្លួន។

ករណីចោរហារយដើរគាស់ផ្ទះប្រជាពលរដ្ឋ ខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះនី សុជិន្លី ជាមន្ត្រីអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់ថា ករណីនេះអាចធ្វើឡើងនៅចន្លោះមុនម៉ោង ១២រំលងអធ្រាត្រ ដោយក្រុមចោរបា នកាត់ដែកចម្រឹងបង្អួចផ្ទះរបស់គាត់ រួចនាំគ្នាចូលមកលួចយកកុំព្យូទ័រ ចំនួន ២គ្រឿង កាមេរ៉ាទំនើប ១គ្រឿង និងសម្ភារមួយចំនួនទៀត។

ម្ចាស់ផ្ទះរងគ្រោះ បានបញ្ជាក់ថា លោកបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោមរួចហើយ ដោយស្នើឱ្យជួយស្រាវជ្រាវ ដើម្បីចាប់ខ្លួនក្រុមចោរទាំងនេះ មកផ្តន្ទាទោសទៅតាមច្បាប់ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ជាពិសេសនៅសង្កាត់សំរោងក្រោម បានសម្តែងនូវការព្រួយបារម្ភអំពីភាពអសន្តិសុខ តាមរយៈសកម្មភាពចោរគាស់ផ្ទះ ជាបន្ទបន្ទាប់ ហើយអំពាវនាវសុំឱ្យសមត្ថកិច្ច បង្កើនសកម្មភាពល្បាត ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ផងដែរ៕