Tuesday, August 26, 2025
Homeព័ត៌មានជាតិទាំង២នាក់ប៉ះចំថ្ងៃស៊យ មើលច្រឡំស្មានថា iPhone ការពិត អិនចុចពិលសោះ

ទាំង២នាក់ប៉ះចំថ្ងៃស៊យ មើលច្រឡំស្មានថា iPhone ការពិត អិនចុចពិលសោះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ឃើញជនរងគ្រោះកំពុងតែដេកដាក់កាសស្តាប់ចម្រៀង លើម៉ូតូកង់បី ដោយប្រើកាសអាយហ្វូន ដោតជាមួយនឹងទូរស័ព្ទអិនចុចពិល ធ្វើឱ្យជនសង្ស័យនឹកស្មានថាជាទូរស័ព្ទទំនើប ខំនាំគ្នាឆក់ តែបែរជាប៉ះទូរស័ព្ទអិនចុចពិល ហើយរត់គេចមិនរួច ត្រូវប្រជាពលរដ្ឋព័ទ្ធក្របួចជាប់។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ៨៨ កែងផ្លូវលេខ៦១ ចំណុចមុខមជ្ឈមណ្ឌលពិភពថ្មី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះឡាយ សំអាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល លេខ៥២ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ជាអ្នកបើកម៉ូតូ) និងទី២ ឈ្មោះមាឃ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជាមួយម្តាយ ប្លុកកាហ្សា សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ចំណែកជនរងគ្រោះ មានឈ្មោះស៊ុំ តាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងកាត់សក់ ម្តុំកន្លែងកើតហេតុ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានឡើងដេកលើម៉ូតូកង់បីឥណ្ឌា របស់អ្នកស្គាល់គ្នា ហើយដោតកាសអាយហ្វូន ជាមួយទូរស័ព្ទអិនចុចពិលស្តាប់ចម្រៀង ស្រាប់តែពេលនោះលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1GP-0863  អ្នកជិះពីក្រោយធ្វើសកម្មភាពឆក់ដោយឃើញកាសអាហ្វូន ស្មានតែទូរស័ព្ទស៊េរីទំនើប លុះពេលឆក់សម្រេច គាត់ក៏ស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលអង្គុយផឹកស៊ីនៅមុខមជ្ឃមណ្ឌលពិភពថ្មី ព័ទ្ធចាប់ជនសង្ស័យបានម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀតត្រូវរូបគាត់ដែលជាជនរងគ្រោះ និងប្រជាពលរដ្ឋដេញចាប់បាននៅមុខវត្តស្រះចក ប្រគល់ជូនសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ យកម៉ូតូខាងលើ និងជនសង្ស័យទាំង២នាក់ ទៅសាកសួរ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES