ប៉ាច គីមមួយ -សយ រតនៈ បានកាន់ដៃគ្នាទៅវត្តធ្វើបុណ្យជាមួយគ្នានៅថ្ងៃកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ ដើម្បីភ្ជាប់និស្ស័យស្នេហ៍ឲ្យកាន់តែយល់ចិត្តគ្នាថែមទៀត បន្ទាប់ពីពួកគេបានល្អូកល្អិនគ្នាជាច្រើនខែមកហើយ ដែលសកម្មភាពខ្លះមិនខុសពីប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីនោះទេ។
ប៉ុន្តែគីមមួយ នៅតែស្ទាក់ស្ទើរពីការសារភាពស្នេហ៍ ខណៈដែលរតនៈ វិញ តែងតែនិយាយដោយផ្ដល់ចម្លើយបែបរដាក់រដុបថា ចាំមើលចិត្តគ្នាទៅមុខថែមទៀតសិន។
ប៉ាច គីមមួយ ជាតារាចម្រៀងដែលលេងសម្រស់ឆើតឆាយ និងពូកែតុបតែងខ្លួនដូចយុវវ័យ បើទោះជានាងជាមេម៉ាយក្ដី ប៉ុន្ដែសម្រស់វិញ ក្រមុំមិនប្ដូរឡើយ។ នាងធ្លាប់បានសារភាពថា ស្រលាញ់តែប្រុសក្មេងៗទេ បើប្រុសវ័យចំណាស់ចាប់ពី៤០ឡើង ទោះជាមានទ្រព្យយ៉ាងណាក៏នាងគ្មានអារម្មណ៍ជាមួយដែរ។
ក្រោយបញ្ចេញសារបែបនេះភ្លាម ប្រុសក្មេងរតនៈ ស្ម័គ្រចិត្តកាយចូលខ្លួនមកស្អំរបួសបេះដូងនាងភ្លែតតែម្ដង ហើយពេលនេះពួកគេបណ្ដើរ និងសាសងគ្នាជាចំហតែម្ដង ប៉ុន្ដែម្នាក់ៗនៅតែមាត់រឹងមិនព្រមសារភាពស្នេហ៍ឡើយ។
ប៉ាច គីមមួយ ជាអតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី១ ហើយបើទោះជាមិនបានពានក្ដី ប៉ុន្ដែនាងបានឈានចូលហង្សមាស ដោយងាយ ហើយថែមទាំងត្រូវថៅកែផលិតកម្មរុញឲ្យនាងចូលថតភាពយន្ដដល់ទៅ២រឿងទៀតផង គឺរឿង ”បិសាចគូរឲ្យស្រលាញ់” និងរឿង ”ខ្ញុំមានញាណលើស”។
អ្នកមេម៉ាយវ័យក្មេងសាច់សខ្ចីដូចបណ្ដូលចេករូបនេះ មិនទាន់មានរថយន្ដទំនើបជិះដូចគេទេ គឺពេលនេះនាងជិះត្រឹម Prius ប៉ុណ្ណោះ បើទោះជានាងថា ចង់ជិះរថយន្ដ Lexus LX 570 និង Range Rover ក៏ដោយ តែការបដិសេធស្នេហ៍ប្រុសចាស់ គឺនាងមិនងាយសម្រេចបំណងជិះរថយន្ដ១គ្រឿង ថ្លៃស្មើវីឡាមួយខ្នងនោះទេ។
គីមមួយ បញ្ជាក់ថា សុខចិត្តជិះរថយន្ដទៅតាមលទ្ធភាព មិនទទួលប្រុសឧបត្ថម្ភទេ ព្រោះខ្លាចជាប់ចំណង ហើយពេលនេះជាប់បង់រំលស់ផ្ទះ១ល្វែង ដែលប្រើពេលដល់ទៅ១០ឆ្នាំឯណោះ ទើបរួច៕