សួស វីសា មិនអាចទៅចូលកម្មវិធីអ្នកសិល្បៈដូចមុនទៀតឡើយ ព្រោះថាពេលនេះនាងមានផ្ទៃពោះកាន់រីកតែធំ ហើយកៀកដល់ថ្ងៃសម្រាលទៅហើយ ទើបស្វាមីរបស់នាង លោកថមមី បានទៅជប់លៀងបណ្ដាពិធីរបស់អ្នករួមអាជីពជំនួសនាង។

លោកថមមី បានឲ្យដឹងថា ភរិយារបស់លោក អ្នកនាងវីសា នឹងសម្រាលកូននៅខែ១០ (តុលា) ខាងមុខនេះហើយ។ លោកថា ថ្មីៗនេះលោកបាននាំភរិយាទៅពិនិត្យផ្ទៃពោះ ហើយទាំងម្ដាយនិងកូន គឺមានសុខភាពល្អធម្មតាទេ។

សួស វីសា គ្រោងទៅសម្រាលកូននៅមន្ទីពេទ្យមួយ នៅប្រទេសថៃ នោះ បានផ្លាស់ប្ដូរចិត្តសម្រាលកូននៅមន្ទីពេទ្យក្នុងស្រុក ព្រោះតែកូវីដ-១៩ មិនទាន់ស្ងាត់។ យ៉ាងណា នៅពេលដែលនាងមានផ្ទៃពោះជិត៩ខែ តែមិនទាន់សម្រាលនេះ វីសា បានដាក់ឈ្មោះកូនស្រីរបស់នាងទៅហើយថា Jenny ហើយនាងតែងតែសរសើរថា ស្វាមីរបស់នាងលោកថមមី ជាបុរសដែលពូកែថ្នាក់ថ្នមចិន្ដា នាងគ្រប់ពេលទាំងអស់ទើបនាងចាត់ទុកខ្លួនឯងថា ជានារីម្នាក់មានសំណាងម្នាក់ប្រៀបដូចម្ចាស់ក្សត្រីអីចឹង ពិសេសពេលដែលពោះធំ ត្រូវប្ដីថ្នមចិត្តគ្រប់យ៉ាង។

ដោយឡែក លោកថមមី វិញធ្លាប់និយាយដោយសន្យានៅចំពោះមុខវីសា ថា ១ជីវិតនេះ លោកត្រូវតែមើលថែប្រពន្ធកូនឲ្យបានល្អ។

សួស វីសា បានដឹកដៃតារាសម្ដែងលោកប៊ុនថុល ប៊ុនថង ហៅថមមី រៀបការកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយតាំងពីចាប់ដៃគ្នាមក គូស្នេហ៍តារា១គូនេះមានជីវភាពកាន់តែធូរធាជាខ្លាំង ដូចជាពេលនេះពួកគេរស់នៅផ្ទះវីឡាស្កឹមស្កៃតម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីជីពម៉ុងលែន (ផ្លូវជា សុផារ៉ា) និងជិះរថយន្ដទំនើបៗ មាន Lexus LX570 Kuro2020 , Lexus Nx200t , Lexus LS600 និង Mazda ជាដើម។

សួស វីសា ធ្លាប់ប្រាប់ថា នាងបានសុំថៅកែហង្សមាស ផ្អាកពីអាជីពចម្រៀងរយៈពេល១ឆ្នាំ តាំងពីមានផ្ទៃពោះនិងក្រោយសម្រាល៕

