ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរលោកស៊ូហ្គា យ៉ូស៊ីដេ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសជប៉ុន។
សារលិខិតរបស់ហ៊ុន សែន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ផ្ញើជូនលោកស៊ូហ្គា យ៉ូស៊ីដេ នាយករដ្ឋមន្ត្រីជប៉ុន មានខ្លឹមសារទាំងស្រុងថា «ឯកឧត្តម, តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត ជាប្រធានដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃទី១៤ កញ្ញា ២០២០។
ជ័យជម្នះយ៉ាងត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងមុតមាំរបស់សមាជិកគណបក្ស LDP ក៏ដូចជាទំនុកចិត្តរបស់ប្រជាជនជប៉ុន ចំពោះទស្សនវិស័យ គោលនយោបាយ និងភាពជាអ្នកដឹកនាំរបស់ឯកឧត្តម ក្នុងការជម្នះឱ្យបាននូវវិបត្តិកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាការធានាឱ្យបាននូវអនាគតរបស់ប្រទេសជប៉ុន ប្រកបដោយសន្តិភាព និងវិបុលភាព។
ខ្ញុំត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងគោលបំណងបន្តពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន បន្ថែមទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងសូមជូនពរឯកឧត្តម សូមប្រកបដោយសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យនូវរាល់ភារកិច្ចដ៏ឧត្តុង្គឧត្តម»៕