ខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នករត់ម៉ូតូកង់បី ចំនួន២នាក់ ត្រូវបាននារីវ័យក្មេង២នាក់ ប្រើល្បិចណាត់ជួបផឹកស៊ីជុំគ្នា ស្រាប់តែសន្លប់បាត់មាត់ឈឹងទាំង២នាក់ ហើយត្រូវបាននារីជើងល្អលួចយកទ្រព្យសម្បត្តិនិងលុយកាក់ អស់ពីខ្លួន។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នោចំណុចក្នុងហាងផឹកស៊ីមួយកន្លែង យីហោជំនោរដីថ្មី ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

បុរសរងគ្រោះទាំង២នាក់ដែលត្រូវស្រីក្មេងដាក់ថ្នាំសណ្តំយកអស់ពីខ្លួននោះ ទី១ ឈ្មោះនាង សុខ អាយុ៥០ឆ្នាំ មានលំនៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងទី២ ឈ្មោះឈឿង ឈាង អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ។ ជនរងគ្រោះទាំង២នាក់ មានមុខរបររត់ម៉ូតូកង់បីដូចគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះទាំង២នាក់ខាងលើ បានចាញ់បោកស្រីស្អាត២នាក់បបួលផឹកស៊ីយ៉ាងស្អិតល្មួតនៅក្នុងហាងកើតហេតុខាងលើ ដោយផឹកស្រាបៀរអស់ជិតកន្លះកេស តាំងពីម៉ោង ១១និង៣០នាទីថ្ងៃត្រង់ រហូតដល់ល្ងាច។ ក្នុងពេលផឹកស៊ី ស្រីស្អាតទាំង២បានបន្លំដាក់ថ្នាំសណ្តំក្នុងកែវស្រាបៀរ ធ្វើឱ្យបុរសទាំង២នាក់សន្លប់ ទើបស្ត្រីជើងល្អទាំងពីរនាក់នោះ បានដោះយកចិញ្ចៀនមាស៥ជី និងលុយ៤០ម៉ឺនរៀល រួចក៏បបួលគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ប្រភពដដែល បន្តថា ករណីនេះ រហូតដល់ម៉ោង៦ព្រលប់ ទើបម្ចាស់ហាងចូលមកឃើញ ក្នុងនោះឃើញបុរសម្នាក់ដេកសន្លប់បាត់មាត់ឈឹងតែម្តង ចំណែកបុរសម្នាក់ទៀតនៅដឹងខ្លួនដែរ តែនិយាយមិនកើតបានត្រឹមតែគ្រវីក្បាលដូចគោស្រាំងទិច។ លុះឃើញសភាពដូច្នេះ ម្ចាស់ហាងក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ប៉ុន្តែស្រីស្អាតទាំង២នាក់មិនដឹងជាទៅដល់ណាបាត់អស់ទៅហើយ បានត្រឹមបញ្ជូនបុរសរងគ្រោះ ទាំង២នាក់ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះប៉ុណ្ណោះ។

តាមស្ថានភាពជាក់ស្តែង បុរសទាំងពីរនាក់ទំនងជាត្រូវថ្នាំសណ្តំរបស់ស្រីស្អាតខាងលើនោះតែម្តង។ យ៉ាងណា សមត្ថកិច្ចក៏បានផ្តាំផ្ញើដល់បងប្អូនជាអ្នកមានមុខរបររត់ម៉ូតូឌុប ឬរត់ម៉ូតូកង់បី ក៏ដូចជាអ្នករត់រថយន្តតាក់ស៊ីទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងលង់សម្រស់ស្រីក្មេង បានម៉ឹមអេងខាតបង់ទ្រព្យសម្បត្តិដែលខ្លួនប្រឹងរកដោយកម្លាំងញើសឈាម ឬពេលខ្លះអាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ដូចករណីខាងលើនេះ៕