Tuesday, August 26, 2025
Homeតារាខ្មែរមាស សុខសោភា ឧស្សាហ៍ឡើងទៅខេត្តព្រះសីហនុ តាមពិតមានមុខជំនួញនៅទីនោះសោះ

មាស សុខសោភា ឧស្សាហ៍ឡើងទៅខេត្តព្រះសីហនុ តាមពិតមានមុខជំនួញនៅទីនោះសោះ

មាស សុខសោភា បានបើកហាងកាហ្វេនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយចំណាយទុនរាប់ម៉ឺនដុល្លារ ប៉ុន្ដែក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ នាងថា គ្មានគម្រោងធ្វើពិធីសម្ពោធអាជីវកម្មក្រៅរង្វង់សិល្បៈនេះឡើយ។

សោភា ប្រាប់ថា មានផលវិបាកខ្លះៗដែរ ព្រោះបើកហាងនៅឆ្ងាយពីទីក្រុង ពេលនាងត្រូវឡើងមកច្រៀងនៅភ្នំពេញ​​ ម្ដងៗ គឺចុះឡើងឆ្ងាយ តែហាងនោះមានប្អូនរបស់នាងជាអ្នកមើលខុសត្រូវហើយ ប៉ុន្ដែមិនទាន់ធ្វើរួចរាល់នោះទេ។

នេះជាការបញ្ចេញមុខរបរថ្មីរបស់មាស សុខសោភា ក្រោយនាងដើរចេញពីផលិតកម្មថោន ហើយកន្លងមកគេឃើញមានតារាមួយចំនួនទៀត រកស៊ីបើកហាងកាហ្វេដែរ ដូចជា សាយ រតនៈ , គង់ វង្សយ៉ាទី និងឌួង ហ្សូរីដា ជាដើម តែមានតារាខ្លះបានបិទទៅវិញក៏មានដែរ។

ដោយឡែក មាស សុខសោភា ថា នាងគ្មានជំនាញក្នុងលក់កាហ្វេនោះទេ ប៉ុន្ដែនាងស្រលាញ់មុខរបរមួយនេះ ទើបបើកឡើងនៅខេត្តទេសចរណ៍តែម្ដងទៅ។

មាស សុខសោភា ហាក់តែលតោលមិនទាន់រកឃើញទ្រនំថ្មីនោះទេ តាំងពីនាងដើរចេញពីថោន មក ពេលនេះនាងច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ហើយមិនទាន់មានបទចម្រៀងផ្ទុះខ្លាំងដូចមុនទៀតឡើយ។

អ្នកជំនាញសិល្បៈបានជំរុញឲ្យសោភា គួរទៅផលិតកម្ម Galaxy Navatra តាមលោកព្រាប សុវត្ថិ ទៅដើម្បីចាប់ដៃគូគ្នាច្រៀងឆ្លងឆ្លើយ និងបង្កើតប្រវត្តិសាស្រ្ដថ្មីក្នុងទីផ្សារចម្រៀង ព្រោះអ្នកទាំង២ មិនដែលបានច្រៀងនៅផលិតកម្មតែមួយរួមគ្នា រយៈពេល២៣ឆ្នាំមកហើយ។

ប៉ុន្ដែសោភា ថា នាងមិនដែលឃើញផលិតកម្ម Galaxy ទាក់ទងមកនាងម្ដងណាឡើយ។ នាងថា​ នៅតែច្រៀងផលិតកម្មផ្ទាល់ខ្លួនដដែល ប៉ុន្ដែយ៉ាងយូរ២ខែទៀត នាងនឹងបង្ហាញខ្លួននៅផលិតកម្មមួយ តែដើម្បីចង់ឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើល នាងសុំលាក់ផលិតកម្មនោះសិន។

ទាក់ទងរឿងរៀបការជាមួយស្វាមី លោកអ៊ឹត រ៉ាដា វិញ សោភា ប្រាប់ថា មិនអាចនិយាយទុកមុនបានឡើយ ព្រោះនាងបានរៀបការតាមបែបសាសនាគ្រឹះម្ដងរួចទៅហើយ នៅកាណាដា កាលពីឆ្នាំ២០០៨៕

RELATED ARTICLES