ភ្នំពេញ ៖ ជនជាតិចិនម្នាក់បានធ្លាក់ពីលើទូកទេសចរណ៍ ប៉ារីស ឡឺ មេគង្គ មិនទាន់ដឹងស្លាប់ឬរស់ ខណៈជនជាតិចិន មួយក្រុមនេះ បានជួលទូកជិះកម្សាន្តលេង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខព្រះបរមរាជវាំង ក្នុងទន្លេមេគង្គ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនជាតិចិន មួយក្រុម បានមកជួលទូកទេសចរណ៍មួយគ្រឿង ដើម្បីជិះកម្សាន្តលេង ព្រមទាំងមានការផឹកស៊ីសប្បាយទៀតផង។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានបុរសជនជាតិចិន ម្នាក់ បានធ្លាក់ពីលើទូកជាន់ទី២ ចូលទៅក្នុងទឹកទន្លេ លិចបាត់ខ្លួនតែម្តង ទើបមានការភ្ញាក់ផ្អើល នាំគ្នារាយការណ៍ទៅសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។

ទោះជាយ៉ាងណា មកដល់ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ មិនទាន់ដឹងថា បុរសជនជាតិចិននោះស្លាប់ឬរស់នៅឡើយទេ ដោយអាជ្ញាធរកំពុងបន្តតាមរក៕