Tuesday, August 26, 2025
Homeព័ត៌មានជាតិពូម៉ូតូកង់៣ ដឹកមកដល់ទីតាំង ស្រាប់តែធ្វើសកម្មភាព... ចាប់ជាប់ទាំង២

ពូម៉ូតូកង់៣ ដឹកមកដល់ទីតាំង ស្រាប់តែធ្វើសកម្មភាព… ចាប់ជាប់ទាំង២

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ស្រាវជ្រាវឃាត់ខ្លួនបាននៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះអ៊ឹម ម៉ាលី ហៅម៉ាប់ បានហៅម៉ូតូកង់បីឥណ្ឌា របស់ជនរងគ្រោះឈ្មោះ សេង មុត្តា ភេទប្រុស អាយុ២៦ឆ្នាំ ជិះពីចំណុចស្តុបសេះស ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទៅកាន់ម្តុំផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣។

លុះដល់ចំណុចកើតហេតុ ជនសង្ស័យឈ្មោះអ៊ឹម ម៉ាលី បានឱ្យជនរងគ្រោះឈប់ម៉ូតូកង់បី ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 8 plus ពណ៌ទឹកមាស ហើយបានរត់គេចខ្លួនយកទូរស័ព្ទដែលឆក់បានទៅឱ្យបក្ខពួកម្នាក់ទៀត ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ដើម្បីយកទៅលក់។

ប្រភពដដែល បន្តថា លុះសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ នៅវេលាម៉ោង៨ព្រឹកថ្ងៃដដែល សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី៣ បានចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ ទី១ ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និងលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) និងទី២ ឈ្មោះសំ រ៉ា ហៅ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ  (មានផ្ទុកសារធាតុញៀន) នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ព្រមទាំងដកហូតទូរស័ព្ទដៃ ប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យទាំងពីរ ត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES