Tuesday, August 26, 2025
Homeព័ត៌មានជាតិលើកទី២ ចំពេលលោកផ្កាយ៣ កំពុងសម្រាកនៅផ្ទះតែម្តង

លើកទី២ ចំពេលលោកផ្កាយ៣ កំពុងសម្រាកនៅផ្ទះតែម្តង

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានជម្លោះឬគំនុំអ្វីជាមួយនឹងលោកផ្កាយ៣ម្នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា ស្រាប់តែលួចធ្វើសកម្មភាពយកដបសាំងដុត រួចគប់ចូលផ្ទះរបស់គេម្តងរួចមកហើយ តែម្ចាស់ផ្ទះរកមុខមិនឃើញ ស្រាប់តែក្រោយមកបានដុតដបសាំង២ដប គប់ចូលផ្ទះគេជាលើកទី២ ទីបំផុតម្ចាស់ផ្ទះតាមទាន់ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះលក សូត្រ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ មានប្តីពាក់ផ្កាយ៣ និងមានលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជួប ភារុំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ (មានសារធាតុញៀន)។

សម្ភារខូចខាត រួមមាន ១- ឆេះរោលទ្វារផ្ទះ ២- ឆេះរោលជណ្តើរ និង៣- ឆេះទ្រនាប់ជើង។ រីឯវត្ថុតាងចាប់យក រួមមាន ដែកកេះ ចំនួន២ ទ្រនាប់ជើងផ្ទាត់ពណ៌ខៀវ ចំនួន១ចំហៀង និងកម្ទេចដបសាំង មួយចំនួន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះលក សូត្រ កំពុងតែនៅក្នុងផ្ទះខាងលើតែម្នាក់ឯង ស្រាប់តែក្រោយមកលេចមុខជនសង្ស័យឈ្មោះជួប ភារុំ បានធ្វើសកម្មភាពគប់ដបសាំងចំនួន២ដប (ចំណុះកន្លះលីត្រ ២ដប) ដែលមានសាំងពេញគប់ចូលក្នុងផ្ទះរបស់គាត់ បណ្តាលឱ្យភ្លើងឆេះទ្វារផ្ទះ ឆេះជណ្តើរ និងទ្រនាប់ជើង១ចំហៀង។

ពេលនោះជនរងគ្រោះក៏បានស្រែកឆោឡោឱ្យអ្នកជិតខាងជួយពន្លត់ភ្លើង រួចក៏មានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ មកដល់ ជួយអន្តរាគមន៍ពន្លត់ភ្លើង ហើយព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកដបសាំងចំនួន២ដប ដែលមានសាំងពេញដុតភ្លើង រួចគប់ទៅលើផ្ទះជនរងគ្រោះប្រាកដមែន។ ហើយកាលពីវេលាម៉ោង៨និង២១នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ រូបគេក៏ធ្លាប់បានធ្វើសកម្មភាពយកដបសាំង១ដប ដុតភ្លើង រួចគប់ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យឆេះជណ្តើរផ្ទះម្តងរួចមកហើយដែរ តែជនរងគ្រោះពុំដឹងថាខ្លួន (ជនសង្ស័យ) ជាអ្នកគប់ឡើយ។

រហូតមកដល់ថ្ងៃកើតហេតុខាងលើ ខ្លួនក៏បានដុតដបសាំងគប់ម្តងទៀត ទើបជនរងគ្រោះដឹងថា រូបគេជាអ្នកប្រព្រឹត្ត និងជាអ្នកគប់កាលពីលើកមុនដែរ ទើបជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចំឈ្មោះ ដើម្បីឱ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES