Tuesday, April 30, 2024
Homeព័ត៌មានជាតិស្នេហា២៨ថ្ងៃ អូនលក់ត្រកួន បងទិញទាំងអ្នកលក់

ស្នេហា២៨ថ្ងៃ អូនលក់ត្រកួន បងទិញទាំងអ្នកលក់

ខេត្តកណ្តាល ៖ ពិតជាគូព្រេងមែន បុរសម្នាក់ទៅទិញត្រកួន ប៉ះចំអ្នកលក់មានសម្រស់សោភា ក៏កួចចិត្តស្នេហ៍ ក៏ចេះតែយកលេសមកទិញត្រកួននាងជាញឹកញាប់ រហូតចុងក្រោយទិញដោយទាំងអ្នកលក់ ឈានដល់ក្លាយជាគូស្នេហា ដឹកដៃគ្នាភ្ជាប់ពាក្យជាផ្លូវការ ក្រោយពីជួបមុខគ្នាបានតែ ២៨ថ្ងៃ។

រឿងរ៉ាវស្នេហារវាងស្រីអ្នកលក់ត្រកួន និងប្រុសអ្នកទិញ ខាងលើនេះ ត្រូវបានទម្លាយចេញដោយភាគីស្រី ក្រោយពីពួកគេបានភ្ជាប់ពាក្យ ក្លាយជាគូដណ្តឹងនឹងគ្នារួចមក។

យោងតាមការឆាតទាក់ទងគ្នា រវាងគូស្នេហ៍ខាងលើ មុនពេលពួកគេឈានដល់ពិធីភ្ជាប់ពាក្យ បានឲ្យដឹងថា ពួកគេស្គាល់គ្នាដំបូងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តាមរយ:ការទិញ-លក់ត្រកួន ដោយភាគីស្រីជាអ្នកលក់ត្រកួន ឯភាគីប្រុសជាអ្នកទិញត្រកួន លុះឃើញអ្នកលក់ញញឹមស្រស់ពេក ក៏លួចបេតី ហើយក៏បានទាក់ទងគ្នាតាមឆាតហ្វេសប៊ុកជាហូរហែ រហូតសម្រេចចិត្តភ្ជាប់ពាក្យកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ។

ក្នុងឆាតទាក់ទងគ្នានោះ ដំបូងភាគីប្រុស បន្ទាប់ពីទិញត្រកួនរបស់នួននាងមកក៏ស្រមៃឃើញតែវង់ភក្រ្តស្រីអ្នកលក់ ចង់ទិញទាំងអ្នកលក់ទៀត ដោយបានឆាតប្រាប់នាងបែបលេងបន្លំមែនថា «ចង់ទិញអ្នកលក់» ស្រាប់តែភាគីស្រីតបភ្លាមថា «ចាំសួរម៉ាក់សិន» ។ នាងតបតែប៉ុណ្ណឹង ស្រាប់តែប្រុសនិយាយសាច់ការភ្លែតថា​ «​សួរទៅ ម៉ាក់ខ្ញុំកំពុងរកកូនប្រសាផង» ។

ទំនងជានាងក៏ពេញចិត្តភាគីប្រុសដែរ ក៏ប្រាប់ទៅប្រុសឆោមឆាយដូចឲ្យភ្លើងខៀវថា «មកសួរខ្លួនឯងមក» មានអី ស្រាប់តែប្រុសអរភើត ប្រញាប់ប្រាប់ម៉ែឪ ចាស់ទុំ ចូលទៅសុំស្ពានដើរ ជណ្តើរឡើងនៅផ្ទះខាងស្រីភ្លែត ហើយក៏មានការព្រមព្រៀងគ្នារៀបចំពិធីភ្ជាប់ពាក្យតែម្តង។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ភាគីស្រី (កូនក្រមុំ) ឈ្មោះហ្គូវ ហ្គិចហុង អាយុជាង២០ឆ្នាំ បានបង្ហោះរូបភាពពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយបុរសជាគូដណ្តឹងរបស់ខ្លួន ជាមួយសំណេរថា «ដោយសារតែលក់ត្រកួន ទើបធ្វើឲ្យយើងមានថ្ងែនេះ អូនអ្នកលក់ បងអ្នកទិញ តែមិនមែនទិញត្រកួនទេ គឺទិញអ្នកលក់ ។

ស្គាល់គ្នាបាន ២៨ថ្ងៃ គាត់ហ៊ាន គាត់បាននាំចាស់ទុំមកចូលសួរដល់ម៉ាក់ប៉ា … ទម្រាំតែមានថ្ងៃនេះ មិនមែនជារឿងងាយទេ ទោះយើងស្គាល់គ្នារយ:ពេលខ្លី តែការឆ្លងកាត់រឿងរាវច្រើនខ្លាំងណាស់ទាំងសប្បាយ ទាំងយំ តែពេលដែលយើងសប្បាយ គឺមានតិចណាស់ ពេលខ្លះក៏មានអារម្មណ៍ហត់ តែទោះហត់ប៉ុនណា ក៏យើងមិនបោះបង់គ្នារហូតដល់ពេលនេះ។

អូនអរគុណបងខ្លាំងណាស់ដែលខំតស៊ូឆ្លងកាត់គ្រប់យ៉ាង ដើម្បីអូន ទោះពេលខ្លះបងហត់ក៏បងមិនទុកអូនចោល បងនៅតែមានពេលសម្រាប់អូន Mrr Gab … ហើយក៏អរគុណដល់ម៉ាក់ប៉ាទាំងសងខាង បើសិនជាគ្មានគាត់ ពួកយើងក៏មិនមានថ្ងៃនេះ 22.06.2020-19.09.2020»៕

RELATED ARTICLES