Tuesday, August 26, 2025
Homeតារាខ្មែរលោកសុះ ម៉ាច ថាប្រពន្ធព្រួយបារម្ភ ក្រោយបង្ហាញមនសិការស្នេហាជាតិ

លោកសុះ ម៉ាច ថាប្រពន្ធព្រួយបារម្ភ ក្រោយបង្ហាញមនសិការស្នេហាជាតិ

ភ្នំពេញ ៖ អតីតកូនប្រសាសម្ដេចជា ស៊ីម លោកសុះ ម៉ាច តារាចម្រៀងល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងជាអតីតប្រធានសមាគមសិល្បករខ្មែរ បានបង្ហើបថា ប្រពន្ធរបស់លោកមានការព្រួយបារម្ភពីរូបលោក បន្ទាប់ពីលោកបានបង្ហោះសំណេរជាច្រើនលើបណ្ដាញសង្គមហ្វេសប៊ុក ស្ដីពីបញ្ហាជាតិ ទឹកដី និងការបង្ហាញពីមនសិការស្នេហាជាតិរបស់លោក ។

ប៉ុន្តែលោកសុះ​ ម៉ាច បានបញ្ជាក់ថា លោកបានប្រាប់ទៅប្រពន្ធវិញថា លោកគ្មានកំហុស និងគ្មានបក្សនយោបាយទេ គ្រាន់តែធ្វើដើម្បីជាតិ និងដើរតាមគន្លងឪពុកដែលហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិប៉ុណ្ណោះ ។

លោកសុះ ម៉ាច

លោកសុះ ម៉ាច បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា “ប្រពន្ធ ក៏ដូចជាបណ្ដាប្រិយមិត្តជាច្រើន ព្រួយបារម្ភពីខ្ញុំ ក្រោយពេលសំណេររបស់ខ្ញុំបង្ហោះជាច្រើន រឿងជាតិ ទឹកដី កន្លងមក។ ទាំងនេះជាការរួមចំណែកក្នុងនាមខ្ញុំឈាមជ័រជាខ្មែរ ។

ខ្ញុំក៏ប្រាប់គាត់វិញថា សព្វថ្ងៃ បងធ្វើដើម្បីជាតិទេ ដូចអ្នកដទៃដែរ តើដើម្បីជាតិ បងមានកំហុសឬ? បងគ្មានបក្សនយោបាយទេ បងដើរតាមគន្លងឪពុកបងដែលហ៊ានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ ។  យើងបង់ពន្ធឲ្យរដ្ឋ ដើម្បីឲ្យមន្រ្តីធ្វើការបម្រើការងារជាតិយើង តែកាល:ទេស:ខ្លះ យើងក៏ត្រូវរួមចំណែកជួយគិតគូរជាមួយពួកគេដែរ ។

យើងកុំសប្បាយភ្លេចខ្លួន នៅពេលជាតិមានបញ្ហា។ ឯបញ្ហាខ្លះ រឿងជាតិ ទឹកដី  ជាបញ្ហារបស់ខ្មែរគ្រប់រូប ត្រូវតែចូលរួមគិតគូរ កុំសម្ងំសុខតែម្នាក់ឯង នោះអ្នកមិនសមជាខ្មែរនោះទេ ។ ជាតិខ្មែរគ្រប់រូប ត្រូវតែស្នេហាជាតិដោយស្មោះត្រង់ ទើបជាតិមិនបាត់បង់និងរុងរឿង“ ។

ជុំវិញការបញ្ជាក់ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកសុះ ម៉ាច បានទេ កាលពីម្សិលមិញ ។

គួរបញ្ជាក់ថា ការបញ្ជាក់របស់លោកសុះ​ ម៉ាច ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកបានសរសេរតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកជាបន្តបន្ទាប់ បង្ហាញនូវឧត្តមគតិ មនសិការស្នេហាជាតិ និងទឹកដី ជាពិសេសលោកបានអះអាងថា បាត់បង់បុណ្យស័ក្តិដោយសារតែការស្រឡាញ់សិល្បៈ និងមនសិការជាតិពេក។

ជាក់ស្តែង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោកសុះ ម៉ាច បានសរសេរថា “ប្រពន្ធរអ៊ូដដែលៗថា តារាគេដទៃខ្លះមានប្រាក់ខែ មានក្របខ័ណ្ឌក្នុងរដ្ឋាភិបាល ឯបងឯងជើងចាស់នឹងគេដែរ បែរជាគ្មាន។ ខ្ញុំឆ្លើយតបនឹងនាងថា កាលដើមទសវត្សរ៍៩០ មុនឆ្នាំ៩៧ បងជាទាហានកងពលង៧០ ស័ក្តិ៣ ផ្នែកសិល្បៈ តែបងលាលែងវិញ ព្រោះរវល់ទៅសម្តែងនៅអូស្ត្រាលី ។

ក្រោយមក ឆ្នាំ២០០៨ ក៏ក្លាយជាឯកឧត្តមទីប្រឹក្សានៅព្រឹទ្ធសភា តែគ្មានប្រាក់ខែទេ ព្រោះជាទីប្រឹក្សាកិត្តិយស។ ឥឡូវពិបាករកក្របខ័ណ្ឌណាស់ យើងគ្មានខ្នង ខ្សែនឹងគេ ម៉្យាងវិញទៀត ដោយសារតែស្រលាញ់សិល្បៈនិងមនសិការជាតិពេក ទើបបងបាត់បង់ឱកាសគ្រប់បែបយ៉ាងដូច្នេះ តែបងមិនស្តាយនោះទេ ព្រោះវាជានិស្ស័យរបស់បង យើងរស់នៅតាមធនធានសុចរិតរបស់យើងទៅ បងធ្លាប់ជួយជាតិ មិនចង់បានអីវិញនោះទេ!!“ ។

លោកសុះ ម៉ាច បានសរសេរបន្ថែម នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ថា “ កុំរស់នៅសប្បាយលើគំនរទុក្ខអ្នកក្រអ្នកតូចទាប អ្នកស្រេកឃ្លានយុត្តិធម៌។ ពួកគេក៏មានសិទ្ធិរស់នៅលើផែនដីដូចអ្នកដែរ គ្រាន់តែវាសនាខុសគ្នាប៉ុណ្ណោះ។ បាបបុណ្យមានពិត មិនថាជាតិនេះ ឬជាតិក្រោយនោះទេ ចូរងាកមកសាងអំពើល្អវិញទៅ ។ គួរតែផ្តល់ក្តីស្រឡាញ់ អាណិតមេត្តាក្នុងនាមជាតិខ្មែរតែមួយ។ ក្រុមគ្រួសារខ្ញុំរស់តាមលទ្ធភាពនិងសុចរិតភាព មិនរំលោភបំពាន មិនជិះជាន់អ្នកណាដើម្បីធ្វើមានបានខ្លួនឯងនោះឡើយ ។ ថ្ងៃនេះមកបាយក្រោមដើមក្រសាំង ក្បែរវាលស្រែ តាមបែបជីវិតបងប្អូនអ្នកស្រែម្តង“ ។

លោកសុះ ម៉ាច បានសរសេរបន្ថែមនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ថា “ប្រាប់កូនៗថា សម័យយៀកកុងឈ្លានពានទឹកដីក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់ ជីតាកូន លោកតាសុះ ម៉ាត់ ក៏ដូចជាអ្នកនិពន្ធអ្នកចម្រៀងដទៃ រួមទាំងនិស្សិតបញ្ញវន្ត ព្រះសង្ឃ មន្ត្រី រាស្ត្រខ្មែរគ្រប់រូបមានភក្តីភាពចំពោះជាតិទឹកដីណាស់ ស្ម័គ្រធ្វើយោធា ហ៊ាននិពន្ធហ៊ានច្រៀងដាស់អារម្មណ៍ជាតិខ្មែរ ឲ្យងើបឡើង ចូលរួមការពារបូរណភាពទឹកដី ដោយសេចក្តីក្លាហានបំផុត គ្មានការគំរាមសម្លុត ចាប់ចងនិងសម្លាប់ឡើយ គឺខ្មែរទាំងអស់រួមសាមគ្គីគ្នាការពារជាតិ ទឹកដី មិនឲ្យជាតិសាសន៍ដទៃមកឈ្លានពាននិងបំពានឡើយ។

ដីខ្មែរ នៅតែគង់វង្សរហូតដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ទៀត ក៏ប្រទេសជិតខាងមិនហ៊ានមកបំពានទៀតដែរ ។ រឿងជាតិ ទឹកដី ជារឿងរបស់ខ្មែរគ្រប់រូប គ្រប់វ័យ គ្រប់ជំនាន់ ត្រូវតែឈឺឆ្អាល ។ តាមប្រវត្តិសាស្ត្រ ប្រទេសជាមិត្តនិងជិតខាងខ្លះ មិនដែលស្មោះត្រង់នឹងខ្មែរនោះទេ“ ។

លោកសុះ ម៉ាច បានសរសេរបន្ថែមទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ថា “អ្នកក្រុង អ្នកស្រែ អ្នកចម្ការ អ្នកជនបទ ជនជាតិភាគតិច អ្នកប្រកាន់និន្នាការនយោបាយ ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល ក៏ជាឈាមជ័រខ្មែរតែមួយទេ កុំរើសអើង កុំស្អប់គ្នាអី ព្រោះតែខ្មែរបែកបាក់ ទើបជាតិសាសន៍ដទៃគេប្រមាថយើង ។ គួរតែស្រឡាញ់ រួបរួមសាមគ្គីគ្គ្នាឡើងវិញ ទើបខ្មែរយើងខ្លាំង“… ។

ជាការគួរកត់សម្គាល់ ការលើកឡើងរបស់លោកសុះ ម៉ាច ខាងលើនេះ ទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋាននានា ជាពិសេសមជ្ឈដ្ឋាននយោបាយប្រឆាំង បានហៅលោកសុះ ម៉ាច ថាជា «ឈាមអ្នកស្នេហាជាតិ» ទៀតផង។

លោកសោ ចាន់ដេត អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ប្រាប់ «នគរធំ» នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នា២០២០ ថា “ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ គឺខ្ញុំសុំផ្ដាំទៅលោកសុះ ម៉ាច ហើយសូមគោរពលោកសុះ ម៉ាច ដែលរក្សានូវឧត្តមគតិរបស់គាត់ គឺថាខ្ញុំសូមគោរពនិងសូមកោតសរសើរ ហើយខ្ញុំនឹងយកវីរភាពរបស់គាត់ធ្វើជាបង្គោល ធ្វើជាចន្ទល់ទប់នូវឧត្តមគតិរបស់ខ្ញុំ សកម្មភាពរបស់ខ្ញុំនៅក្នុងការតស៊ូដើម្បីជាតិមាតុភូមិនេះ ហើយសុំផ្ដាំដល់តារាចម្រៀងដទៃទៀតថា យើងមិនស្លាប់ទេ ឲ្យតែយើងរក្សាឧត្តមគតិជាតិរបស់យើង ។

លោកសុះ ម៉ាច និងភរិយា

យើងស្លាប់ៗទៅតាមវ័យ ទៅតាមអាយុតាមធម្មជាតិ ប៉ុន្តែអ្វីដែលយើងមិនត្រូវឲ្យស្លាប់បាន គឺឧត្តមគតិរបស់យើង។ អ៊ីចឹងខ្ញុំសុំអំពាវនាវដល់តារាចម្រៀងដទៃទៀត គឺថា យកលោកសុះ ម៉ាច ធ្វើជាគំរូ ពុំមែនមានន័យថា ចង់ឲ្យអស់លោក លោកស្រី ដែលជាតារាចម្រៀងទាំងអស់ ចូលរួមជាមួយគណបក្សសង្រ្គោះជាតិ ឬមួយយើងធ្វើចលនាអ្វីមួយទេ គ្រាន់តែរក្សាឧត្តមគតិយើង កុំទៅប្រឡូកប្រឡាក់ជាមួយនឹងអំពើពុករលួយ អំពើក្បត់ជាតិ ដែលនាំឲ្យវិស័យសិល្បៈយើងមានការចុះថយ ។

វិស័យសិល្បៈយើងសព្វថ្ងៃ គឺមានការចុះថយខ្លាំងមែនទែន ដោយសារយើងមិនប្រកាន់ជំហរវិជ្ជាជីវៈរបស់យើង ធ្វើពេលខ្លះបទចម្រៀងរបស់យើងរាល់ថ្ងៃនេះ គឺស្លាប់មុនម្ចាស់ ផ្ទុយពីចម្រៀងពីដើម ។ ចម្រៀងពីដើម និងចម្រៀងឥឡូវ បើនិយាយពីទឹកដមសិល្បកររបស់យើងមិនខុសគ្នាប៉ុន្មានទេ ប៉ុន្តែពីដើម អ្នកចម្រៀងម្នាក់ៗ គឺថាអ្នកសិល្បៈម្នាក់ៗ រក្សានូវឧត្តមគតិរបស់គាត់ អ៊ីចឹងហើយរាល់អត្ថន័យបទចម្រៀងរបស់គាត់ ទោះបីម្ចាស់សាមីខ្លួនស្លាប់បាត់ តែចម្រៀងនៅតែរស់រហូតដល់សព្វថ្ងៃហ្នឹងឯង។

លោកសោ ចាន់ដេត

អ៊ីចឹងចង់ឲ្យខ្លឹមសារនៃបទចម្រៀងស្នាដៃរបស់សិល្បករយើងមានកិត្តិយស បន្តដល់ក្មេងជំនាន់ក្រោយ លុះត្រាតែយើងរក្សាឧត្តមគតិយើងឲ្យបានល្អ ទើបអាទឹកដមចម្រៀង អត្ថន័យចម្រៀងរបស់យើង វិជ្ជាជីវៈយើងមានតម្លៃថ្លៃថ្នូរ ពលរដ្ឋគេគោរពដូចលោកសុះ ម៉ាច អ៊ីចឹង។

ជាពិសេសចង់ឲ្យចាំនូវពាក្យលោកសុះ ម៉ាច ១ឃ្លាថា «កុំរស់នៅសប្បាយលើគំនរទុក្ខអ្នកក្រអ្នកតូចទាប អ្នកស្រេកឃ្លានយុត្តិធម៌» គឺនេះសំខាន់ណាស់ និយាយទៅ ពាក្យទាំងនេះ គឺខ្ញុំតែងតែមើលដដែលៗ ហើយខ្ញុំមានអារម្មណ៍ព្រឺព្រួចដែលមិននឹកស្មានថា កុលបុត្រខ្មែរ ដែលស្ថិតនៅក្នុងវិស័យសិល្បៈ គាត់មានឧត្តមគតិជ្រាលជ្រៅ ។ អាចំណុចនេះ ខ្ញុំក៏សុំផ្ដាំផ្ញើទៅពលរដ្ឋខ្មែរទាំងអស់ ពិសេសអ្នកនយោបាយត្រូវតែយកនូវគំនិតបណ្ដាំរបស់លោកសុះ ម៉ាច មកធ្វើជាគំរូ ហើយធ្វើជាកញ្ចក់ដើម្បីឆ្លុះមើលខ្លួនយើង ដើម្បីកុំឲ្យខ្លួនយើងដើរវង្វេងផ្លូវ នៃគោលដៅនៃការតស៊ូរបស់យើង»។

ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃដដែលនោះថា លោកសូមគោរពកោតសរសើរលោកសុះ ម៉ាច ដែលមានឧត្តមគតិស្នេហាជាតិ ដូចឪពុកគាត់ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “យើងកើតនៅលើទឹកដីខ្មែរ វាត្រូវតែការពារទឹកដីរបស់ខ្មែរហ្នឹងហើយ មិនមែនដូចអ្នកខ្លះមិនការពារដីខ្មែរទេ បែរជាកាត់ដីខ្មែរទៅឲ្យបរទេស ដើម្បីរក្សាអំណាចរបស់ខ្លួន អាហ្នឹងវាខុសគ្នា ។ ហើយត្រូវហើយ ស្រុកខ្មែរយើង ទាល់តែមានខ្សែ មានខ្នង បានអាចឡើងធំរួច បានអាចឡើងតំណែងបាន ហើយគាត់មិនចេះអែបឡបគេ មិនចេះរណបគេ គាត់មិនចេះលើកជើងគេ គាត់មិនចូលចិត្តគណបក្សប្រជាជន អ៊ីចឹងបានជាគាត់មិនអាចទៅអែបឡបដើម្បីយកអំណាច គឺគាត់មិនចូលចិត្តសង្គមមួយហ្នឹង ព្រោះបើគាត់ធ្វើអ៊ីចឹង វាក្បត់ឧត្តមគតិខ្លួនឯង អ៊ីចឹងបានគាត់សុខចិត្តអត់តំណែង ប្រសើរជាងគាត់ទៅក្បត់ឧត្តមគតិខ្លួនឯង ដើម្បីតែដូរយកតំណែងហ្នឹងហ្នឹង ។

ដូច្នេះត្រូវហើយ បើសិនជាគាត់បានតំណែងទៅ ធ្វើបាបប្រជាពលរដ្ឋ ដណ្ដើមយកដីប្រជាពលរដ្ឋ ធ្វើបាបអ្នកតូចតាច អំណាចនិងបុណ្យស័ក្ដិទាំងអស់ហ្នឹង វាមិនស្របនឹងឧត្តមគតិរបស់គាត់ អ៊ីចឹងគាត់សុខចិត្តអត់ អត់អំណាចហ្នឹងល្អប្រសើរជាងគាត់យកតំណែងហ្នឹងដើម្បីទៅធ្វើបាបរាស្រ្ត ។ ចំពោះលោកថា កុំរស់នៅសប្បាយលើគំនរទុក្ខអ្នកក្រអ្នកតូចទាបអ្នកស្រេកឃ្លានយុត្តិធម៌ ចំណុចហ្នឹងក៏បញ្ជាក់ដែរថា សង្គមបច្ចុប្បន្នហ្នឹង គឺរស់នៅលើគំនរទុក្ខរបស់អ្នកក្រ រស់នៅលើគំនរទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ» ។

លោកអ៊ុំ សំអាន

លោកអ៊ុំ សំអាន បន្តថា “អ្នកសិល្បៈសព្វថ្ងៃនេះ បើសិនជាយើងមិនរណបរបបហ៊ុន សែន ទេ ជួនកាលគេមិនឲ្យចេញទៅសម្ដែង ឡើងប៉ុស្តិ៍ទូរទស្សន៍អីអ៊ីចឹងទៅ ដូច្នេះភាគច្រើន ចង់មិនចង់ គេត្រូវតែរណបរបបសម្ដេចហ៊ុន សែន ដើម្បីឲ្យអាជីពសិល្បៈរបស់គេរីកចម្រើន បើមិនអ៊ីចឹងទេ ទូរទស្សន៍ខ្លះអត់ហ៊ានហៅឡើងទេ។

ក្នុងចំណុចនេះដែរ ទាល់តែមានការឯកភាពជាតិ ខ្មែររួបរួមគ្នា បានខ្មែរយើងខ្លាំង ប៉ុន្តែសព្វថ្ងៃនេះ រដ្ឋាភិបាលលោកហ៊ុន សែន ធ្វើឲ្យមានការបែកបាក់ជាតិ គាត់ស្រលាញ់យូនជាងខ្មែរ ដល់អ៊ីចឹង វាធ្វើឲ្យមានការបែកបាក់ជាតិ ។ អ៊ីចឹងគាត់មិនយកខ្មែរជាធំ គាត់យកយូនជាធំ អ៊ីចឹងធ្វើឲ្យសង្គមខ្មែរហ្នឹង បែកបាក់ជាតិ វាមិនអាចរួបរួមគ្នាបាន  អ៊ីចឹងខ្មែរយើងចុះខ្សោយ ។

ដូច្នេះខ្ញុំគោរពកោតសរសើរចំពោះឧត្តមគតិស្នេហាជាតិរបស់គាត់ ហើយសូមឲ្យគាត់នៅបន្តទឹកចិត្តស្នេហាជាតិ ឧត្តមគតិស្នេហាជាតិបន្តទៅទៀត ព្រោះលោកសុះ ម៉ាច ឪពុករបស់គាត់ខ្មែរអ៊ិស្លាម ហើយយើងដឹងហើយ ប្រទេសចាម ប្រទេសចម្ប៉ា ប្រទេសរបស់ចាម ហ្នឹងត្រូវយួនត្របាក់យក។

អ៊ីចឹងបទពិសោធន៍ជូរចត់នៃការបាត់បង់ទឹកដី គាត់មិនចង់ឲ្យខ្មែរយើងបាត់បង់ទឹកដីដូចប្រទេសចាម ដែលត្រូវយួនដណ្ដើមកាន់កាប់ បើសិនជាយើងនៅធ្វើដូចសព្វថ្ងៃទៀត ប្រទេសខ្មែរនឹងបាត់ដូចប្រទេសចាម របស់គាត់អ៊ីចឹង អាហ្នឹងគាត់ចង់មានគំនិតជាតិនិយម ដែលគាត់នឹកស្ដាយស្រណោះទឹកដីចាម ទឹកដីរបស់ចម្បា ដែលយួនកាន់កាប់ អាហ្នឹងគាត់មានការឈឺចាប់ អ៊ីចឹងគាត់មិនចង់ឲ្យកង់ប្រវត្តិសាស្រ្តហ្នឹង ជាន់ដានដដែលៗ បានគាត់ឲ្យខ្មែរយើងប្រុងប្រយ័ត្ន កុំឲ្យបាត់ដូចប្រទេសចម្បា និងកម្ពុជាក្រោម»៕ កុលបុត្រ

RELATED ARTICLES