ភ្នំពេញ ៖ បុរសជាជនជាតិចិន ចំនួន៣នាក់ កំពុងបើករថយន្តតាមផ្លូវក្នុងបរិវេណកោះពេជ្រសុខៗ ប្រទះឃើញកម្លាំងចម្រុះនៃរដ្ឋបាលខណ្ឌចំការមន ចុះរឹតបន្តឹង ត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ភ័យស្លន់ស្លោ បើករថយន្តរត់គេច លុះសមត្ថកិច្ចប្រដេញតាមចាប់បានម្នាក់ ព្រមទាំងដកហូតបានថ្នាំញៀន ជិត៥គីឡូក្រាម គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន១៤ដុំផ្សេងទៀត។

ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបរិវេណកោះពេជ្រ ជិតអគារដាយមិនវ័ន្ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍នៅជិតស្ពានហង្សកោះពេជ្រ ហើយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែរថយន្តម៉ាក Lexus GS-300 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7669 បានបើកទម្លុះបារ៉ាស់សមត្ថកិច្ច រួចបើករត់ចូលទៅក្នុងបរិវេណកោះពេជ្រ។

ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចក៏បានដេញតាម រហូតមកដល់ជិតចំណុចខុនដូ ដាយមិនវ័ន្ត ស្រាប់តែសមត្ថកិច្ចបានឃើញមនុស្ស ៤នាក់ ដោយមានស្រីមានប្រុស ព្រមទាំងក្មេង បានយួរកាបូប១ លុះគ្រាន់តែឃើញសមត្ថកិច្ច ក្រុមជនសង្ស័យទាំងនោះ មានអាការភ័យស្លន់ស្លោពេក ក៏បានបោះកាបូបចោល ហើយនាំគ្នារត់គេចខ្លួនបាត់អស់។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីឃើញសកម្មភាពបែបនេះ កម្លាំងសមត្ថកិច្ចបានសហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានធ្វើការឆែកឆេរក្នុងកាបូប ដោយមានឃើញក្រាមសថ្លា មួយថង់ខ្មៅ ទម្ងន់ប្រហែល ៤គីឡូក្រាម លុយចំនួន៣០០ដុល្លារ ទូរស័ព្ទ ១គ្រឿង។ លុះមកដល់វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែធ្វើការឡោមព័ទ្ធជុំវិញកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញបុរសជនជាតិចិនម្នាក់ នៅអគារមួយកន្លែង ជិតមហោស្រពកោះពេជ្រ ដោយក្នុងដៃមានយួរថង់១។

លុះពេលជនសង្ស័យប្រទះឃើញកម្លាំងសមត្ថកិច្ចចម្រុះ ក៏បានបោះថង់ចោល ហើយរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ហើយធ្វើការឆែកឆេរ រកឃើញនូវថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ចំនួន១៤ដុំ បន្ថែមទៀតផងដែរ។

ជាលទ្ធផល ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការដកហូតរថយន្តទំនើប ១គ្រឿង ម៉ាក Lexus GS-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-7669 ព្រមទាំងគ្រឿងញៀនក្រាមសថ្លា ប្រហែល ៤គីឡូក្រាម ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ១៤ដុំ លុយចំនួន៣០០ដុល្លារ រួមនិងទូរស័ព្ទដៃ ចំនួន១គ្រឿង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕