ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាយប្លន់ទូរស័ព្ទពីប្រជាពលរដ្ឋម្នាក់ បានសម្រេច ប៉ុន្តែរត់អត់រួច ត្រូវបានកម្លាំងសមត្ថកិច្ចចេញល្បាត ពួនស្ទាក់ចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។
ករណីវាយប្លន់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវលំ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យដែលវាយប្លន់ទូរស័ព្ទគេបាន តែរត់អត់រួច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនោះ មានឈ្មោះកេត បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍មកថា មានករណីវាយប្លន់ទូរស័ព្ទកើតឡើងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានល្បាតពួនស្ទាក់ក្រោមការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ស៊ុ សារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដៃវាយប្លន់យកទូរស័ព្ទ) ត្រង់ចំណុចផ្លូវលំ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕