ខេត្តព្រះសីហនុ ៖ បុរសជាមន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ បានចូលរួមពិធីបុណ្យ៧ថ្ងៃ អ្នកស្គាល់គ្នា លុះក្រោយមកក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងនារីវ័យក្មេងម្នាក់ (មិនដឹងច្បាស់ថាជារឿងអ្វី) ស្រាប់តែមួម៉ៅក្តៅចិត្តដកកាំភ្លើងបាញ់២គ្រាប់ ធ្វើឱ្យផ្អើលជ្រួលច្របល់ដល់ភ្ញៀវដែលចូលរួមកម្មវិធី រត់ចែកជើងគ្នាពេញរោងបុណ្យ ចំណែកខ្មាន់កាំភ្លើងពាក់ស័ក្តិ៤ ប្រញាប់បើកឡានគេចចេញពីកន្លែងកើតហេតុបាត់ភ្លាមៗដែរ។

ហេតុការណ៍ផ្ទុះអាវុធ២គ្រាប់ ក្នុងរោងបុណ្យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះម្ចាស់ដើមបុណ្យ៧ថ្ងៃ មួយកន្លែង ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់។

បុរសជាខ្មាន់កាំភ្លើងដែលបាញ់បោះសេរីខាងលើ ត្រូវបានគេស្គាល់ថា មានឈ្មោះភិន សៅសាយ័ណ្ហ ជាមន្ត្រីយោធាពាក់ស័ក្តិ៤ មានលំនៅឯរាជធានីភ្នំពេញ។ ចំណែកនារីវ័យក្មេងដែលត្រូវបុរសជាមន្ត្រីយោធាខាងលើ បាញ់គំរាម មានឈ្មោះចៅ វន្នី អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា នៅទីតាំងខាងលើ នាយប់កើតហេតុនោះ ពិតជាមានករណីបាញ់គំរាមប្រាកដមែន ហើយបុរសសង្ស័យត្រូវបានគេស្គាល់ឈ្មោះភិន សៅសាយ័ណ្ហ ជាមន្ត្រីយោធាពាក់ស័ក្តិ៤ បានប្រើអាវុធខ្លី មិនស្គាល់ម៉ាក បាញ់ឡើងលើ២គ្រាប់ គំរាមស្រីក្មេងម្នាក់ ឈ្មោះចៅ វន្នី ដែលជាអ្នករស់នៅកន្លែងកើតហេតុខាងលើ។ ក្រោយកើតហេតុភ្លាមៗ បុរសជាខ្មាន់កាំភ្លើងខាងលើ បានឡើងបើករថយន្តរបស់ខ្លួន១គ្រឿង ម៉ាកវីហ្គោ ពណ៌ស ពាក់ស្លាកលេខ (រដ្ឋ) គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ។

ជុំវិញមូលហេតុដែលធ្វើឱ្យមន្ត្រីយោធារូបនោះ ដកកាំភ្លើងបាញ់គំរាមបែបនេះ នៅពុំទាន់ដឹងជាក់លាក់នៅឡើយទេ គ្រាន់តែដឹងថា ពួកគេបានឈ្លោះប្រកែកគ្នា។ ទោះបីជាយ៉ាងណា សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនបង្កហេតុហើយ និងកំពុងអនុវត្តនីតិវិធីបន្ត។

ពាក់ព័ន្ធករណីបាញ់បោះសេរីខាងលើនេះ “នគរធំ”មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាមន្ត្រីយោធា ឈ្មោះភិន សៅសាយ័ណ្ហ បានទេ កាលពីម្សិលមិញ ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕