Monday, August 25, 2025
Homeព័ត៌មានជាតិមិនដឹងពួកគាត់យកលុយទៅណាខ្លះ... អស់ពីខ្លួន ហើយធ្វើរឿងបែបនេះ

មិនដឹងពួកគាត់យកលុយទៅណាខ្លះ… អស់ពីខ្លួន ហើយធ្វើរឿងបែបនេះ

ខេត្តព្រះសីហនុ ៖ ជនសង្ស័យជនជាតិរុស្ស៊ីម្នាក់ និងជនជាតិតួកម៉េនីស្ថានម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួន ពាក់ព័ន្ធពីបទលួចម៉ូតូ ទំនងដាច់យ៉ៃហើយទើបក្លាយជាចោរ។

បើតាមសមត្ថកិច្ច ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលបណ្តឹងរាយការណ៍ពីឈ្មោះសំ រដ្ឋា ភេទស្រី អាយុ៣៨ឆ្នាំ ជាបុគ្គលិកដេប៉ូ គិត ប៊ុន ស្នាក់នៅផ្ទះជួល ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជុំវិញករណីចោរលួចម៉ូតូអស់២គ្រឿង ម៉ាកអ៊ែរប៊្លេត ដែលគាត់ទុកនៅក្នុងរបងផ្ទះ កាលពីវេលាម៉ោងប្រហែល២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ក្រោយពីទទួលបានពាក្យបណ្តឹងនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងការិយាល័យព្រហ្មទណ្ឌ ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់។

លុះរហូតដល់ម៉ោងប្រហែល ២រសៀល ថ្ងៃដដែលនោះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលម្នាក់ឈ្មោះ Izmeuskii Ilia ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិរុស្ស៊ី គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅផ្ទះជួល ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើតេស្តទឹកនោមមានសារធាតុញៀន និងម្នាក់ទៀតឈ្មោះ MamebovRuslan ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិតួកម៉េនីស្ថាន គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅផ្ទះជួលក្នុងបុរី BS ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាអ្នកសមគំនិត ធ្វើតេស្តទឹកនោមមានសារធាតុញៀន។

នៅចំពោះមុខសមត្ថកិច្ច ជនឈ្មោះ Izmeuskii Ilia បានឆ្លើយសារភាពថា រូបគេបានមករស់នៅខេត្តព្រះសីហនុ តាំងពីឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃនេះ។ នៅវេលាម៉ោងប្រមាណ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រូបគេបានជិះម៉ូតូម្នាក់ឯង ដើរលេងក្នុងក្រុងព្រះសីហនុ ក៏ឃើញផ្ទះមួយ ទំនងអាចចូលលួចយកម៉ូតូបានក៏ឈប់ម៉ូតូ ចាក់សោទុកចោលនៅខាងក្រៅរបងផ្ទះនោះ ហើយដើរចូលទៅលួចយកម៉ូតូម៉ាកអ៊ែរប៊្លេត១គ្រឿង ដែលម្ចាស់ទុកនៅមុខបន្ទប់ក្នុងរបង រួចជិះចេញយកទៅទុកនៅផ្ទះរបស់ខ្លួននៅក្នុងបុរី BS ភូមិ៥ សង្កាត់លេខ៤។

បន្ទាប់មក រូបគេហៅម៉ូតូកង់បី ជិះត្រឡប់មកផ្ទះនោះវិញ ដើរចូលទៅលួចយកម៉ូតូ ១គ្រឿងទៀត ហើយជិះយកទៅទុកនៅបន្ទប់ជួលរបស់ឈ្មោះ Mamebov Ruslan ស្ថិតនៅមុខសាលារៀនអូរ២ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤។

បន្ទាប់ពីលួចបានម៉ូតូ ២គ្រឿងហើយ រូបគេក៏ត្រឡប់មកយកម៉ូតូរបស់ខ្លួនវិញ ដែលទុកចោលនៅមុខផ្ទះខាងលើ ដើម្បីជិះទៅបន្ទប់ស្នាក់នៅ ក្នុងបុរី BS។ រូបគេបានយកម៉ូតូដែលលួចនោះ ទៅបាញ់ថ្នាំពណ៌ស ដើម្បីបន្លំកុំឱ្យម្ចាស់ម៉ូតូស្គាល់ និងត្រៀមលក់ចេញ ស្រាប់តែនៅវេលារសៀលថ្ងៃដដែល ត្រូវនគរបាលឃាត់ខ្លួន ទាំង២នាក់តែម្តង។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន៦គ្រឿង ក្នុងនោះមាន២គ្រឿង ជាម៉ូតូដែលជនសង្ស័យលួច ហើយសមត្ថកិច្ចបានប្រគល់ឱ្យម្ចាស់វិញ ដើម្បីប្រើជាបណ្តោះអាសន្ន តាមការស្នើសុំ។ ចំណែកស្លាកលេខម៉ូតូ ១បន្ទះ លេខ ភ្នំពេញ 1X-6929 គ្រឿងបន្លាស់ សម្ភារ:និងឧបករណ៍ជួសជុលមួយចំនួន និងកញ្ឆាក្រៀម ២ដុំតូច នាំមករក្សាទុកជាវត្ថុតាង។

ជនសង្ស័យទាំង២នាក់ និងវត្ថុតាង រួមនិងឧបករណ៍ចាប់យកជាច្រើនទៀត ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES