ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួន និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ជនសង្ស័យដែលក្លែងជានគរបាលនេះ មានឈ្មោះប៉ាង កាក់ទិការ (សម្បត្តិ សក្កដា) ហៅឆាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក និងបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការនៅថ្ងៃនេះ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ (ស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។

ប្រភពសមត្ថកិច្ចឱ្យដឹងថា តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញថាមានជនសង្ស័យម្នាក់បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយមួយដែលដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ក្រុមការងារបានរកឃើញថា ជនម្នាក់នេះមិនត្រឹមតែលួចបង្កើតហ្វេសប៊ុកក្លែងក្លាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ថែមទាំងបានក្លែងបន្លំខ្លួនធ្វើជាសមត្ថកិច្ចនគរបាលជាតិទៀតផង។

ប្រភពបន្តថា បន្ទាប់ពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្រាវជ្រាវ បានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានផ្តល់ព័ត៌មានដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានធ្វើការស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះប៉ាង កាក់ទិការ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន រួមមាន វិទ្យុទាក់ទងម៉ូតូរ៉ូឡា ម៉ាក GP៣៣៨ ចំនួន៥គ្រឿង និងឆ្នាំងសាកវិទ្យុទាក់ទងចំនួន៤គ្រឿង, ទូរស័ព្ទដៃម៉ាកអាយហ្វូន៦ផ្លឹស ចំនួន១គ្រឿង, ខ្នោះដៃចំនួន៣គូ និងស្រោមខ្នោះចំនួន១, អាវឈុតពណ៌អាចម៍សេះ មានឈ្មោះវ.ទោ សម្បត្តិ សក្កដា អត្តលេខ៥០០៩១ ចំនួន១កំប្លេ, អាវពណ៌ទឹកដោះគោ មានស្លាកសម្គាល់នគរបាលព្រហ្មទណ្ឌ មានស្លាកឈ្មោះសម្បត្តិ សក្កដា អត្តលេខ១០៤៦០១ ចំនួន២កំប្លេ, អាវធំពណ៌ខ្មៅ មានឡូហ្គូនគរបាលព្រហ្មទណ្ឌ ចំនួន១, អាវយឺតដៃខ្លី ពណ៌អាចម៍សេះ មានសញ្ញា POLICE ចំនួន១, អាវុធខ្លីជ័រពណ៌ខ្មៅ ចំនួន១ដើម និងស្រោមអាវុធខ្លីចំនួន១, ដាវដែកមានស្រោមចំនួន១ដើម, ដំបងហូតដែកចំនួន១, មួកនគរបាលចំនួន៤, ខ្សែក្រវាត់សាំងទារុង ពណ៌ត្រេអ៊ី ចំនួន១, ស័ក្តិថ្នាក់វរសនីយ៍ទោ ចំនួន១គូ និងថ្នាក់វរសនីយ៍ឯក ចំនួន១គូ។

ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានជំនាញការិយាល័យព្រហ្មទណ្ឌ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕