Monday, August 25, 2025
Homeព័ត៌មានជាតិក្លើនឹងគ្នាសោះ គ្រាន់តែលូកយកបារីជក់១ដើម ប្រកាន់ដែរ

ក្លើនឹងគ្នាសោះ គ្រាន់តែលូកយកបារីជក់១ដើម ប្រកាន់ដែរ

ខេត្តពោធិ៍សាត់ ៖ បុរស២នាក់ជាក្លើនឹងគ្នា ក្រោយពីផឹកស្រាជាមួយគ្នាស្រវឹងស្រឿងៗ ស្រាប់តែផ្ទុះជម្លោះពីរឿងសុំបារីគ្នាជក់ ដោយភាគីម្ចាស់បារី ប្រកាន់ថា ខ្លួនមិនទាន់ហាមាត់ឱ្យផង អាក្លើហ៊ានលូកដៃយកបារីរបស់ខ្លួន ក៏ទាញពិលវាយក្បាលគូទំនាស់ បណ្តាលឱ្យរយះ ។ ទីបំផុតអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង០៥នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង។

ជនសង្ស័យដែលវាយគូទំនាស់រយះក្បាល ខឹងយកបារីជក់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះថៃ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅផឹកស៊ីនៅផ្ទះរបស់ជនសង្ស័យ  លុះក្រោយពីផឹកស្រវឹងស្រឿងៗរៀងៗខ្លួនក៏មានទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក រឿងសុំបារីជក់ ដោយភាគីជនរងគ្រោះ បានសុំបារីពីជនសង្ស័យ ដើម្បីជក់ តែម្ចាស់បារី ពុំទាន់ថាឲ្យផង បុរសអ្នកសុំ បានលូកដៃយកបារី មកអុជជក់ ធ្វើឱ្យភាគីម្ចាស់បារី ខឹងក៏ស្តីប្រដៅដោយពាក្យសម្តីធ្ងន់ៗ ២-៣ម៉ាត់ទៅ ទើបធ្វើឱ្យក្លាយជាទំនាស់ពាក្យសម្តីគ្នាកើតឡើង និងឈានដល់ការប្រតាយប្រតប់គ្នា ហើយរំពេចនោះ ជនសង្ស័យបានទាញពិលវាយក្បាលជនរងគ្រោះ បណ្តាលឱ្យបែកហូរឈាមតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES