ខេត្តបាត់ដំបង ៖ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចេញល្បាតពេលយប់ជាប់ជាប្រចាំ ទប់ស្កាត់និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន ហើយតាមរយៈវិធានការជំនាញ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន២នាក់ ខណៈប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំពៅលូន ត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនក្នុងអំពើចោរកម្មនេះ រួមមាន ទី១-ឈ្មោះប្រេម ផល ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទី២-ឈ្មោះគុជ ផុន ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាងជាប់ខ្លួន មានដូចជា ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ បិទតែមឆ្នាំ២០១២ ចំនួន១គ្រឿង, ដែកអក្សរតេសម្រាប់កាច់សោម៉ូតូ ចំនួន៦ដើម, កន្ត្រៃកាត់ដែកចំនួន១, ដង្កាប់ចំនួន១, កូនកាំបិតចំនួន២, ដែកទួរណឺវីស ចំនួន៣, ដែកឆាបដងឈើចំនួន១, កូនសោសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន៧ដើម, សោម៉ូតូហុងដាចំនួន៣, កាំបិតខ្វែវដងឈើចំនួន១, កាំបិតចុងស្រួចដងឈើចំនួន១, ដែកកេះចំនួន៣, ម្ជុលខ្ទាស់ចំនួន៥, ម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀនចំនួន១កូនថង់, សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាទាំងពីរនាក់នេះបានចេញពីស្រុកកំរៀង ដើរធ្វើសកម្មភាពមិនកំណត់គោលដៅ ដោយឆ្លងកាត់ពីស្រុកកំរៀង ចូលដល់ស្រុកភ្នំព្រឹក រហូតមកដល់ស្រុកសំពៅលូន ក៏ជួបប្រទះនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច នាវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឃាត់ខ្លួនពួកគេតែម្តង។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកគេជាមុខសញ្ញាដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ស្រុកទាំងបីខាងលើ ហើយសកម្មភាពរបស់គេ គឺលួចយកទ្រព្យសម្បត្តិណាដែលម្ចាស់ទ្រព្យទុកដាក់ដោយមិនមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ។ ក្នុងមូលដ្ឋានស្រុកសំពៅលូន គឺពួកគេទើបតែចូលមកធ្វើសកម្មភាពជាលើកដំបូង ត្រូវសមត្ថកិច្ចបង្ក្រាបបានវ៉ៃខ្នោះតែម្តង។

ជាមួយនេះ លោកអធិការនគរបាលស្រុក សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់និងជាប់ជាប្រចាំចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពិសេសមធ្យោបាយធ្វើដំណើរ មានម៉ូតូ ជាដើម ដែលលោកបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋទុកចោលនៅក្រោមផ្ទះនាពេលយប់ ដែលជាឱកាសល្អរបស់ពួកជនល្មើសធ្វើសកម្មភាពលួចយក។
ទន្ទឹមនឹងលទ្ធផលនេះ លោកសូមឱ្យពលរដ្ឋមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលនៅជិតបំផុត ក្នុងពេលជួបប្រទះករណីល្មើសច្បាប់ណាមួយកើតឡើង ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍បានទាន់ពេលវេលា។ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕