ខេត្តកំពង់ស្ពឺ ៖ មន្ត្រីប៉េអឹមម្នាក់មានតួនាទីជានាយរងស្នាក់ការ៣០១ ឈរជើងតាមបណ្តោយផ្លូវជាតិលេខ៣ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន បន្ទាប់ពីបានបាញ់គំរាមមកលើកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ តាមផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបរសេដ្ឋ។

មន្ត្រីប៉េអឹមដែលត្រូវបានឃាត់ខ្លួន មានឈ្មោះយ៉េ អាយុជាង៤០ឆ្នាំ ជាមន្ត្រីអាវុធហត្ថនៅខេត្តតាកែវ តួនាទីជានាយរងស្នាក់ការ៣០១ ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញដឹកជញ្ជូនយកទៅលក់នៅខេត្តតាកែវ។ ខណៈឃាត់រថយន្តធ្វើការត្រួតពិនិត្យ ក៏លេចមុខមន្ត្រីប៉េអឹម នាយរងស្នាក់ការលេខ៣០១ ចេញមក ហើយទាញអាវុធបាញ់គំរាមមកលើក្រុមសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសតែម្តង។ ដោយប្រើសិទ្ធិការពារខ្លួន សមត្ថកិច្ចក៏បាញ់ត និងឈានដល់បង្ក្រាបបាននាយរងស្នាក់ការខាងលើ រួចបញ្ជូនមកឱ្យអាវុធហត្ថខេត្ត កសាងសំណុំរឿងបន្តតាមផ្លូវច្បាប់។

បើតាមសមត្ថកិច្ចខេត្ត និយាយថា នាយរងស្នាក់ការ៣០១ រូបនេះ ក្រោយពីកសាងសំណុំរឿងរួចរាល់ហើយ ក៏បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ។

ដោយឡែក មេឈ្មួញឈ្មោះ ណាក់ ស្រមូម ដែលកំពុងរត់គេចខ្លួន មានលំនៅក្នុងភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន គឺជាឈ្មួញរកស៊ីបទល្មើសព្រៃឈើយូរឆ្នាំណាស់មកហើយ មិនដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ទើបតែពេលនេះឃាត់ខ្លួនបក្ខពួកបាន។

យោងតាមប្រភពពីអាវុធហត្ថខេត្ត បានប្រាប់ថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនមេឈ្មួញរូបនោះ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕