Sunday, August 24, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ ទៅរួចទេ បើព្រាប សុវត្ថិ មានគុណសម្បត្តិទាំង១០យ៉ាងនេះ?

ខេមរៈ សិរីមន្ដ ទៅរួចទេ បើព្រាប សុវត្ថិ មានគុណសម្បត្តិទាំង១០យ៉ាងនេះ?

ភាពភ្ញាក់ផ្អើលបានកើតមានពេញក្នុងរង្វង់អ្នកសិល្បៈ និងស្រទាប់មហាជន ដែលកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ អ្នកដែលស្និទ្ធកំពូលតារាចម្រៀងព្រាប សុវត្ថិ បានទម្លាយពីលក្ខណៈពិសេសដល់ទៅ១០យ៉ាង ប្រាប់ទៅអ្នកកាសែតថា បើតារារូបណាចង់ខ្លាំង ឬយកតំណែងរបស់ព្រាប សុវត្ថិ ទាល់តែមានចំណុចល្អជាងអតីតតារាចម្រៀងហង្សមាស រូបនេះ ទាំង១០យ៉ាងសិន ទើបអាចទៅរួច។

លោកខេមរៈ សិរីមន្ត

ខ្លឹមសារដែលគេចាត់ទុកថា ជាគុណសម្បត្តិយកឈ្នះព្រាប សុវត្ថិ ទាំងនោះ រួមមាន ទី១. ត្រូវល្បីជាង៣០ឆ្នាំ, ទី២. គ្មានរឿងអាស្រូវក្នុងសិល្បៈ ទី៣. សីលធម៌និងសុជីវធម៌ល្អក្នុងអាជីពសិល្បៈ ទី៤. ព្រាប សុវត្ថិ ​ចេញច្រៀងក្រៅប្រទេស១លើក ស៊ីថ្លៃ២៥០០០ដុល្លារ និងយកក្រុមការងារទៅ២០នាក់, ទី៥. ថតស្ពត និងកាន់ប្រេនស៊ីថ្លៃជាងគេ ទី៦.ព្រាប សុវត្ថិ ស្រលាញ់កិត្តិយសជាងលុយ ទី៧. ភាពផ្អែមល្ហែមក្នុងគ្រួសារ និងអប់រំកូនទាំង៣បានល្អ ទី៨. ព្រាប សុវត្ថិ មានទ្រព្យសរុបខ្ទង់៣០លានដុល្លារ ក្នុងនោះមានរីសតនៅខេត្តរតនៈគិរី ១០០ហិកតារ , ដីនៅម្ដុំកប់ស្រូវ១០ហិកតារ, ហាងនៅក្បែរវត្តសំរោងអណ្ដែត៣០០០ការ៉េ និងមានស្ទីឌីយោ៤ផ្សេងគ្នា ទី៩. អាយុ៤៥ឆ្នាំ នៅតែសង្ហា និងទី១០. មានបទចម្រៀងល្បីជាង៣០០០បទនៅហង្សមាស។

ថ្វីត្បិតតែអ្នកជំនិតរបស់ព្រាប សុវត្ថិ ទម្លាយសារទាំងនេះមិនសំដៅទៅដល់តារាណាចំឈ្មោះមែន ប៉ុន្ដែក្នុងខ្លឹមសារបញ្ជាក់ច្បាស់ថា បើមានតារាចង់ខ្លាំងជាងព្រាប សុវត្ថិ ត្រូវតែមានចំណុចល្អជាងព្រាប សុវត្ថិ ទាំង១០ចំណុចខាងលើនេះសិន ទើបអាចទៅរួច។

ក្រោយធ្លាយសារបែបនេះមក មហាជនជាច្រើនបានលើកឡើងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ព្រាប សុវត្ថិ ធ្លាប់ត្រូវបានគេផ្គូផ្គងជាមួយតារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ថាជាគូប្រជែងដ៏ស្វិតស្វាញបំផុត ហើយជុំវិញរឿងដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាស ចូល Galaxy នេះ ក៏មានមនុស្សជាច្រើនដាក់ការសង្ស័យថា ដោយសារតែ ”ភ្នំ១ខ្លា២” ដែរ ព្រោះធ្លាប់មានព័ត៌មានថា តារាជួរមុខទាំង២ មិនសូវត្រូវគ្នាកាច់កុងគ្នា ជាដើម។

លោកខេមរៈ សិរីមន្ត និងលោកព្រាប សុវត្ថិ

ដោយឡែក គ្រាន់តែព្រាប សុវត្ថិ ដើរចេញពីហង្សមាស ជាង១ខែប៉ុណ្ណោះ សារនេះត្រូវបានបែកធ្លាយចេញមក ខណៈដែលកន្លងមកគេបានដឹងថា ព្រាប សុវត្ថិ មិនមែនជាមនុស្សដែលចេះអួតអាង ឬសម្ញែងទ្រព្យសម្បត្តិដូចគេនោះទេ ប៉ុន្ដែហេតុអី្វបានជាលោកត្រូវបានអ្នកជំនិតទម្លាយរឿងមានទ្រព្យ នៅពេលនេះទៅវិញ?

មតិខ្លះបានយល់ថា នេះជាការសារព្រមានមួយទៅដល់តារាចម្រៀងទាំងឡាយណា ដែលចង់បានតំណែងព្រាប សុវត្ថិ ដែលក្នុងនោះក៏ប៉ះតារាចម្រៀងខេមរៈ សិរីមន្ដ ម្នាក់ផងដែរ ព្រោះថា ទស្សនិកជនចាត់ទុកថា មានតែលោកសិរីមន្ត ម្នាក់ទេ ដែលមានសមត្ថភាពទៅអង្គុយកៅអីដែលទំនេររបស់ព្រាប សុវត្ថិ នៅហង្សមាស បាន ហើយតាមសភាពជាក់ស្ដែង ពេលនេះហង្សមាស ក៏បានលើកសិរីមន្ដ ជាតួឯករបស់ផលិតកម្មនេះដែរ ក្រោយពេលព្រាប សុវត្ថិ ដើរចេញ។

ទោះជាយ៉ាងណា បើផ្អែកលើគុណសម្បត្តិទាំង១០របស់ព្រាប សុវត្ថិ ខាងលើនេះ គេអាចមើលឃើញថា ខេមរៈ សិរីមន្ដ បែរជាពិបាកយកឈ្នះព្រាប សុវត្ថិ ទៅវិញ ពិសេស គឺចំណុច៣យ៉ាងរបស់ព្រាប សុវត្ថិ គឺទី១. មានលុយ៣០លានដុល្លារ, ២. ល្បី២៣ឆ្នាំ និងទី៣. ច្រៀងបានជាង៣០០០បទ។

លោកព្រាប សុវត្ថិ

ថ្វីត្បិតតែពេលនេះ ខេមរៈ សិរីមន្ដ ហាក់ចាញ់ប្រៀបនូវចំណុចមួយចំនួនរបស់ព្រាប សុវត្ថិ ក្រោយគេទម្លាយចេញមកនេះក្ដី ប៉ុន្ដែនៅក្នុងសង្គមសិល្បៈ គេថា ”រលកក្រោយ ច្រានរលកមុន” ហេតុនេះហើយអ្នកជំនាញសិល្បៈអះអាងថា​រយៈពេលពី៦ខែទៅ១ឆ្នាំ គេអាចមើលឃើញហើយថា តើព្រាប សុវត្ថិ ទៅ Galaxy នៅតែល្បី និងខ្លាំងដូចមុនឬចុះខ្សោយ? ឬមួយខេមរៈ សិរីមន្ដ នៅហង្សមាស ពិតជាអាចជំនួសតំណែងលោកបានមែន?៕ ហ៊ឹម វិចិត្រ 

RELATED ARTICLES