Sunday, August 24, 2025
Homeព័ត៌មានជាតិម្ចាស់បើកទ្វារចេញភ្លាម ចោរចូលឡានបើកទៅបាត់

ម្ចាស់បើកទ្វារចេញភ្លាម ចោរចូលឡានបើកទៅបាត់

ភ្នំពេញ ៖ ជនជាតិចិនប្រុស-ស្រីមួយក្រុម បានបើករថយន្តមួយគ្រឿងជូនសាច់ញាតិទៅផ្ទះ ខណៈពេលមកដល់មុខផ្ទះ ក៏ចុះពីលើរថយន្តទាំងអស់គ្នាទៅបើកទ្វារផ្ទះ ដោយមិនបានពន្លត់ម៉ាស៊ីនរថយន្ត រវល់តែនិយាយគ្នាភ្លេចខ្លួនមួយភ្លែត ក៏ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរ ហើយជនសង្ស័យម្នាក់ក្នុងចំណោមពួកគេ បានឡើងបើករថយន្តយកចេញទៅបាត់ស្រមោលភ្លាមៗ ទើបបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែតុលា ស្ថិតនៅតាមបណ្តោយផ្លូវបុរីភ្នំពេញថ្មី ចំណុចមុខផ្ទះលេខ៥A ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

រថយន្តដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ដែលនៅក្នុងរថយន្តនោះ មានឯកសារឡាន Copy មួយកំប្លេ និងលុយជាង២០០០ដុល្លារថែមទៀត។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ម្ចាស់រថយន្តរងគ្រោះជាជនជាតិចិន ហើយមុនពេលកើតហេតុនោះ ពួកគាត់បានជូនសាច់ញាតិត្រឡប់មកផ្ទះនៅកន្លែងកើតហេតុ ដោយជិះក្នុងរថយន្តនោះ ពួកគាត់មិនចាំថាមានគ្នាប៉ុន្មាននាក់នោះទេ។

ខណៈពេលធ្វើដំណើរមកដល់មុខផ្ទះ ពួកគាត់ក៏បានចុះពីរថយន្តទៅបើកទ្វារផ្ទះទាំងអស់គ្នា និងឈរជជែកគ្នាលេងភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែក្រឡេកភ្នែកទៅមើលរថយន្តមិនឃើញ ទើបឆោឡោឡើងនៅកន្លែងកើតហេតុ។ លុះពេលឆែកកាមេរ៉ាសុវត្ថិភាព ទើបឃើញសកម្មភាពជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកឈប់ក្បែររថយន្ត ហើយជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់បានធ្វើសកម្មភាពបើកទ្វាររថយន្ត ឡើងបើកគេចខ្លួនភ្លាមៗបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរករថយន្តគាត់ត្រឡប់មកវិញ៕

RELATED ARTICLES