នៅសល់តែ១ខែទៀតប៉ុណ្ណោះ តារាចម្រៀងសំនៀងផ្អែម មាស សុខសោភា នឹងបង្ហាញខ្លួននៅផលិតកម្មថ្មីមួយ បន្ទាប់ពីនាងបានដើរចេញពីថោន ជាង៣ខែមកនេះ។ ចំពោះទ្រនំដែលមាស សុខសោភា នឹងទៅផ្ញើខ្លួននោះ ត្រូវបានគេព្យាករណ៍ថា មានតែផលិតកម្ម២ប៉ុណ្ណោះ ដែលនាងត្រូវជ្រើសរើសនោះ គឺ ហង្សមាស និង Galaxy ឬអាចនិយាយថា បើសិនជាសោភា ជ្រើសយកហង្សមាស នោះ មានន័យថា នាងពេញចិត្តចាប់ដៃច្រៀងជាមួយលោកខេមរៈ សិរីមន្ដ តែបើនាងចូល Galaxy គឺនាងចង់ច្រៀងជាមួយព្រាប សុវត្ថិ។

យ៉ាងណា ក្នុងជំនួបកាលពីពេលថ្មីៗនេះ មាស សុខសោភា មិនទាន់បញ្ចេញឈ្មោះផលិតកម្មថ្មីដែលនាងនឹងទៅទៅឈរជើងនោះទេ។ ប៉ុន្ដែនាងទទួលស្គាល់ថា ពិតជាត្រៀមចេញមុខនៅផលិតកម្មថ្មីមួយ នៅចុងឆ្នាំ២០២០នេះមែន។ នាងថា ដើម្បីឲ្យអ្នកគាមទ្ររបស់នាងមានការ Surprise ហេតុនេះហើយនាងសូមមិនទាន់ប្រាប់ជាមុននូវឈ្មោះផលិតកម្មនោះឡើយ។

ទោះជាមាស សុខសោភា មិនទាន់ហ៊ានបញ្ចេញឈ្មោះផលិតកម្មថ្មីរបស់នាងមែន ប៉ុន្ដែមុននេះ អ្នកជំនាញសិល្បៈបានដាស់តឿនសោភា ថា នាងគួរតែទៅច្រៀងនៅផលិតកម្ម Galaxy ព្រោះនៅពេលដែលនាងចាប់ដៃជាមួយលោកព្រាប សុវត្ថិ ភ្លាម គឺតារាចម្រៀងស្រីទាំងឡាយដែលឈរនៅជួរមុខទាំងអស់ ចាប់ផ្ដើមរង្គោះរង្គើរតំណែងភ្លាមតែម្ដង ហើយពួកគេប្រាកដជាពិបាកទប់ទល់ជាមួយនាងជាមិនខាន។

ប៉ុន្តែសោភា ថា នាងធ្លាប់បានច្រៀងតាមកម្មវិធីមួយចំនួនជាមួយលោកព្រាប សុវត្ថិ មែន ប៉ុន្ដែការថតនៅផលិតកម្មជាមួយគ្នា គឺនៅតែគ្មានពេលរួមការងារជាមួយគ្នានៅឡើយ។ នាងថា នៅតែរក្សាគោលជំហរថា ចង់ច្រៀងដោយគ្មានកុងតា្រ ឯករាជ្យជាជាងចូលទៅកុងត្រា ហើយមានលក្ខខណ្ឌតឹងរឹងណាមួយនោះ នាងមិនអាចទទួលយកបានទេ។ នាងនឹងទៅផលិតកម្មមួយ ដែលគេបើកសិទ្ធិសេរីភាពឲ្យនាងពេញលេញ ដូចអំឡុងពេលនាងច្រៀងនៅថោន ដែរ។

មាស សុខសោភា ធ្លាប់ផ្លាស់ប្ដូរផលិតកម្មជាច្រើនមកហើយ ក្នុងនោះមានដូចជា រស្មីស្ទឹងសង្កែ, U2 ឬ CB, M, សាន់ដេ និងថោន។ ដោយឡែក ការទៅជ្រកទ្រនំទី៦នេះ ត្រូវបានគេមើលឃើញថា សោភា នឹងមានជម្រើសតែ២ប៉ុណ្ណោះ គឺហង្សមាស និង Galaxy។ ប៉ុន្ដែសោភា នៅតែថា នាងមិនអាចនិយាយរឿងទៅផលិតកម្មណាជាមុននោះបានឡើយ។

ក្រៅពីត្រៀមបង្ហាញមុខនៅផលិតកម្មថ្មី មាស សុខសោភា ក៏បានបង្កើតមុខរបរថ្មីមួយដែរ នៅក្រុងកំពង់សោម នោះ គឺការបើកហាងកាហ្វេមួយ ដែលចំណាយលុយជាច្រើនម៉ឺនដុល្លារ។ ប៉ុន្ដែនាងថា គ្មានគម្រោងធ្វើពិធីសម្ពោធធំដុំនោះទេ ខណៈដែលដំណឹងរៀបការរបស់នាងជាមួយអាណិកជនខ្មែរ មកពីការណាដា លោកអ៊ឹត រ៉ាដា នៅតែស្ងាត់សូន្យឈឹង បន្ទាប់ពីពួកគេបានរួមរស់ជាមួយគ្នា ១៣ឆ្នាំមក។

មហាជនរង់ចាំមើលថា ការចេញបើកឆាកបទដំបូងរបស់មាស សុខសោភា នៅទ្រនំថ្មី តើនាងនឹងលេចមុខចាប់ដៃជាមួយលោកព្រាប សុវត្ថិ ហៅស្នាយ ឬខេមរៈ សិរីមន្ដ ហៅប៊ុនថៃ?៕ ហ៊ឹម វិចិត្រ
