Sunday, August 24, 2025
Homeព័ត៌មានជាតិក្រសួងមហាផ្ទៃ ជំរុញអភិបាលរាជធានី-ខេត្ដ ពង្រឹងការអនុវត្ដតួនាទីភារកិច្ចស្មៀនឃ្មុំ-សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ក្រសួងមហាផ្ទៃ ជំរុញអភិបាលរាជធានី-ខេត្ដ ពង្រឹងការអនុវត្ដតួនាទីភារកិច្ចស្មៀនឃ្មុំ-សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ដ ពង្រឹងការអនុវត្ដតួនាទី​ ភារកិច្ចរបស់ស្មៀនឃ្មុំ-សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០​ ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅបានលទ្ធផលល្អតាមផែនការកំណត់។

លិខិតរបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លេខ ០៣២៤ សជណ/អរប ចុះថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ដែលចុះហត្ថលេខាដោយលោកប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានជម្រាបជូនជូនអភិបាលនៃគណអភិបាលរាជធានី-ខេត្ដ ថា «យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ និងលិខិតជូនដំណឹងរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ។

ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅបានលទ្ធផលជោគជ័យ តាមផែនការដែលបានកំណត់ ខ្ញុំសូមស្នើឯកឧត្តម លោកជំទាវ​ អភិបាលរាជធានី-ខេត្ត ធ្វើការត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី​ភារកិច្ចរបស់ស្មៀនឃុំ-សង្កាត់ ដូចខាងក្រោម ៖

១- ស្មៀនឃុំ-សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានកំណត់។

២- ស្មៀនឃុំ-សង្កាត់នីមួយៗ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាព ដែលមិនអាចបំពេញការងារបាន។

ករណីស្មៀនឃុំ-សង្កាត់ អវត្តមាន មិនអាចបំពេញការងារបាន សាមីខ្លួនត្រូវរាយការណ៍ជូនមេឃុំ ចៅសង្កាត់ និងត្រូវស្នើសុំច្បាប់ឈប់សម្រាក ស្របតាមគោលការណ៍ បែបបទនិងនីតិវិធីដែលបានកំណត់។

អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួល និងចាត់តាំងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ០១រូប ដើម្បីជួយបំពេញការងារក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ជំនួសស្មៀនឃុំ-សង្កាត់ ដែលអវត្តមាន ឬមិនទាន់មានស្មៀនឃុំ-សង្កាត់ ដើម្បីធានានិរន្តរភាពការងារនេះ…»៕

RELATED ARTICLES