Sunday, August 24, 2025
Homeតារាខ្មែរម៉េង កែវពេជ្ជតា សម្រស់កាន់តែទាក់ទាញ ជាមួយឈុតកូនក្រមុំ

ម៉េង កែវពេជ្ជតា សម្រស់កាន់តែទាក់ទាញ ជាមួយឈុតកូនក្រមុំ

កំពូលតារាចម្រៀងម៉េង កែវពេជ្ជតា កាន់តែមានសម្រស់រះត្រដែតថែមទៀតថែមទៀត នៅពេលដែលថ្មីៗនេះ អ្នកនាងបានគ្រងឈុតកូនក្រមុំជាច្រើនឈុតយ៉ាងប្រណីត របស់ហាងសំអាងការប្រសិទ្ធសិរី ដែលមើលទៅអ្នកនាងនៅតែក្មេងជាងវ័យ ទោះជាពេលនេះមានកូនប្រុសស្រី២នាក់ទៅហើយក្ដី។

មហាជនបានសរសើរចំពោះអ្នកច្នៃម៉ូដរបស់ហាងសម្អាងការមួយនេះ ដែលរកម៉ូដស្អាតៗ ស័ក្តិសមជាមួយដងខ្លួនអ្នកនាងពេជ្ជតា តែម្ដង ហើយនោះជាការច្នៃម៉ូដដោយមានគំនិតច្នៃប្រឌិតខ្ពស់ តែមិនចោលទម្រង់បុរាណឡើយ។

ការបញ្ចេញឈុតកូនក្រមុំដែលគ្រងដោយអ្នកនាងម៉េង កែវពេជ្ជតា របស់សំអាងការប្រសិទ្ធសិរី នៅពេលនេះ គឺកៀកទៅដល់រដូវអាពាហ៍ពិពាហ៍ទៀតហើយ ហេតុនេះហើយកូនក្រមុំដែលត្រៀមគ្រងឈុតពិសេសរបស់ខ្លួន ហើយចង់ស្រស់ស្អាតដូចអ្នកនាងម៉េង កែវពេជ្ជតា ដែរនោះ ប្រាកដជាជ្រើសយកការតុបតែងខ្លួន និងជ្រើសម៉ូដតាមកំពូលតារាចម្រៀងរូបនេះជាមិនខាន។

គួរបញ្ជាក់ថា អ្នកនាងម៉េង កែវពេជ្ជតា ជាតារាចម្រៀងម្នាក់ដែលពូកែថែរាងឲ្យនៅតែស្វែលស្អាត ទោះជាពេលនេះនាងមានកូនធំៗទៅហើយក្ដី ប៉ុន្ដែគេមិនដែលឃើញអ្នកនាងឡើងគីឡូជ្រុលម្ដងណាឡើយ។

ដោយសារតែទាំងកេរ្ដិ៍ឈ្មោះ និងរូបសម្រស់នៅតែមិនស្រុតចុះនេះហើយ បានជាអ្នកនាងត្រូវបានសម្អាងការមួយនេះ ជ្រើសថតម៉ូដជាច្រើនឈុត នាំឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ រហូតមានអ្នកខ្លះទៀតសង្ស័យថា នាងចង់គ្រងឈុតកូនក្រមុំផ្ទាល់ខ្លួនមែនទែនទៀតផង បន្ទាប់ពីមុននេះ អ្នកនាងបានទម្លាយថា កំពុងមើលចិត្តបុរសម្នាក់ជាអាណិកជនខ្មែរ នៅបារាំង។

ប៉ុន្តែអ្នកនាងកែវពេជ្ជតា ធ្លាប់ប្រាប់អ្នកកាសែតថា អ្នកនាងមិនទាន់ចង់រៀបការឆាប់ៗទេ ព្រោះមួយរយៈមុននេះ អ្នកនាងបានចំណាយលុយច្រើនទៅលើកូនប្រុសស្រី ទៅបន្ដការសិក្សានៅបារាំង ហេតុនេះហើយនាងត្រូវការរកលុយឲ្យបានច្រើនសិន ទើបគិតគូរឿងរៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន៕

RELATED ARTICLES